ខេត្តកណ្តាល ៖ យុវជនម្នាក់ ឈ្មោះ ឆន សុវណ្ណរាជ ត្រូវបានប្រទះឃើញដេកស្លាប់ក្បែរម៉ូតូរបស់ខ្លួន និងត្រូវបានក្រុមគ្រួសារសង្ស័យជាករណីឃាតកម្ម (វាយសម្លាប់) លុះកម្លាំងសមត្ថកិច្ចជំនាញចុះពិនិត្យស្រាវជ្រាវ ទើបដឹងថា ជាករណីដួលម៉ូតូ បណ្តាលឱ្យបាក់កស្លាប់ ដោយខ្លួនឯង។

គួរបញ្ជាក់ថា ថ្មីៗនេះ មានគណនីបណ្តាញសង្គម ឈ្មោះ Chhorn SovannaReach បានសរសេរបង្ហោះខ្លឹមសារថា “សូមបងប្អូនទាំងអស់គ្នា ជួយគិតពិចារណាមើល ប្អូនប្រុសខ្ញុំ ត្រូវគេកាប់ហើយបំបិទភ័ស្តុតាង ហើយយកទៅរៀបចំធ្វើដូចជាជិះម៉ូតូធ្លាក់ផ្លូវ សូមបងប្អូនជួយរក យុត្តិធម៌ឱ្យប្អូនខ្ញុំផង ប្អូនខ្ញុំស្លូតណាស់ មិនដែលធ្លាប់មានទំនាស់នឹងអ្នកណាទេ ហើយស្នាមនៅខាងក្រោយក្បាល ជាស្នាមពូថៅ ច្បាស់ណាស់។ បើសិនជិះធ្លាក់ផ្លូវមែន មិនមែនស្បែកជើងជាប់ជើងអ៊ីចឹងទេ ប្រាកដណាស់ ស្បែកជើងនឹងរបូតពីជើងហើយ តែនេះប្រហែលគេវ៉ៃកាប់ហើយ ពាក់ស្បែកជើងឱ្យទៀត ដើម្បីបំបិទភ័ស្តុតាង កុំឲ្យគេសង្ស័យ…”។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកល្វាឯម បានដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល សមត្ថកិច្ចបានស្រាវជ្រាវឃើញថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរម៉ូតូ ធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឱ្យស្លាប់ កើតហេតុនៅវេលាម៉ោងប្រហែល ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវក្រួសក្រហម ភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច ឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកហុងដា គុប ពណ៌ទឹកប៊ិក ពាក់ ស្លាកលេខ ភ្នំពេញ 1D-2207 បើកបរដោយឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង (ស្លាប់) បើកបរពីលិច ទៅកើត (ពីឃុំព្រែករៃ ទៅឃុំទឹកឃ្លាំង) ពេលបើកបរមកដល់ចំណុចកើតហេតុ ផ្លូវកែង អក្សរ (T) ក៏បានជាន់ហ្វ្រាំងមិនជាប់ ធ្លាក់ផ្លូវ បណ្តា លឱ្យបាក់កស្លាប់នៅកន្លែងកើតហេតុ។ លុះដល់ម៉ោងប្រហែល ៧ៈ០០នាទីព្រឹក ទើបមានប្រជាពលរដ្ឋប្រទះ ឃើញ រាយការណ៍មកសមត្ថកិច្ច។

ផ្អែកតាមសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យសបរួច ករណីខាងលើ ជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។ សព ត្រូវបានប្រគល់ជូនម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយម៉ូតូ ក៏បានប្រគល់ជូនម្តាយផងដែរ។ តាមការសន្និដ្ឋាន បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន មិនមានភ្លើងបំភ្លឺផ្លូវ៕