ភ្នំពេញ ៖ លោកទេព រិនដារ៉ូ បានបើកហាង «A18 Sticker» ផ្ដោតលើស្កុត ឬស្ទិកកឺរ បិទ UV រថយន្ដ ការពារកម្តៅថ្ងៃ ការពារទឹកថ្នាំ និងផ្ដល់សេវាកម្មជាច្រើនទៀត ទាក់ទងផ្នែកថែទាំរថយន្ដ ដែលហាងនេះ ដំណើរការ រយៈពេល ១ខែហើយ ប៉ុន្ដែពេលនេះ ទើបមានសិល្បកររួមអាជីព បានដឹងជាបណ្ដើរៗ និងយករថយន្ដទៅបិទ នៅហាងលោក ។ នេះជាមុខរបរថ្មីមួយរបស់លោករិនដារ៉ូ នៅឆ្នាំ២០២៦ ក្រោយលោកប្រឡូកក្នុងវិស័យសិល្បៈ រយៈពេល ៣៩ឆ្នាំ ។

លោកទេព រិនដារ៉ូ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា មុខ របរនេះ ជាអ្វីដែលលោកស្រលាញ់ ហើយឥឡូវបានចេញជារូបរាងហើយ ប៉ុន្ដែលោកគ្មានគម្រោងធ្វើពិធីសម្ពោ ធហាងថ្មីនេះ ទ្រង់ទ្រាយធំទេ តែបានធ្វើពិធីសូត្រមន្ដរួច តាំងពីមុនដំណើរការ។

លោកទេព រិនដារ៉ូ ថ្លែងថា «មូលហេតុដែលខ្ញុំស្រលាញ់មុខរបរបិទស្កុតឡាន រថយន្ដនេះ ព្រោះឡានខ្ញុំជិះ ចូលចិត្តបិទស្កុតដែរ ហើយម្យ៉ាងទៀត ម្ដុំហាងខ្ញុំបើកនោះ ក៏គ្មានហាងគេផ្សេងបើកមុខរបរនេះដែរ ។ ខ្ញុំគ្មានគម្រោងបើកសម្ពោធហាងថ្មីនេះទេ គឺដំណើរការយកតែម្ដង ប៉ុន្ដែយើងបានធ្វើពិធីសូត្រមន្ដហើយ» ។

ទាក់ទងទុននៃការដំណើរការហាង A18 Sticker នេះ លោកទេព រិនដារ៉ូ ថាលោកមិនអាចប្រាប់រឿងនេះបានទេ ប៉ុន្ដែក្នុងហាងលោកនេះ ក៏មានការិយាល័យ (Office) ផ្ទាល់ខ្លួនមួយសម្រាប់លោកដែរ ដូច្នេះអតិថិជន ឬ Fan ដែលចង់ជួបលោកផ្ទាល់ អាចទៅទីនោះបាន ហើយលោកតែងតែទៅហាង ពេលទំនេរពីការងារសិល្បៈ ។

ឆ្លើយតបសំណួរថា លោកទេព រិនដារ៉ូ ប្រឡូកសិល្បៈយ៉ាងជោកជាំ ហេតុអ្វីលោកមិនបើកមុខមុខបរអ្វីទាក់ទងសិល្បៈ ដូចជាផលិតកម្ម ជាដើម? លោកដារ៉ូ ថា រាល់ថ្ងៃនេះ លោកក៏ជាផ្នែកមួយនៃការលើកស្ទួយវិស័យសិ ល្បៈនេះដដែលទេ ព្រោះបន្ដការងារសិល្បៈ ជាធម្មតា ហើយនៅឆ្នាំ២០២៦ លោកក៏ជាគណៈកម្មការ (Judge) នៃកម្មវិធីកម្មវិធី Top Fan ផងដែរ ។

តារាជើងចាស់ មានទេពកោសល្យសិល្បៈពេញខ្លួន «ខ្ញីចាស់ កាន់តែហ៊ឺ» នេះថា លោកក៏មានឬត្រៀមបញ្ចេញមុខរបរផ្សេងៗទៀតដែរ តែពេលនេះ លោកមិនទាន់ចង់បង្ហើបឬនិយាយមុនចេញជារូបរាងឡើយ ។

ហាង A18 Sticker របស់លោកទេព រិនដារ៉ូ មានទីតាំងនៅផ្លូវជាសុផារ៉ា (៥៩៨) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយលោកតែងតែចុះឡើងៗ ទៅយកអីវ៉ាន់ បិទរថយន្ដ នៅប្រទេសចិន ប្រទេសអាល្លឺម៉ង់ និងអាមេរិក ។
លោកទេព រិនដារ៉ូ ប្រាប់បន្ថែមថា «Sticker ហ្នឹង ខ្ញុំទៅយកនៅប្រទេសចិន តែជូនកាលទៅអាល្លឺម៉ង់ និងអាមេរិក ដែរ ។ ប៉ុន្ដែអីវ៉ាន់នៅអាល្លឺម៉ង់ និងអាមេរិក ថ្លៃជាងនៅចិន» ។
លោកទេព រិនដារ៉ូ ថា រយៈពេល ១ខែនេះ លោកទទួលបានអតិថិជនគួរសម ចំណែកអ្នករួមអាជីព ក៏បានដឹងថា ហាងនោះជាហាងលោក ជាបណ្ដើរៗហើយ ។

សូមរំលឹកថា លោកទេព រិនដារ៉ូ សព្វថ្ងៃ អាយុ៦៣ឆ្នាំ ប៉ុន្ដែលោកនៅរក្សារូបរាងសង្ហា ក្មេងជាងវ័យ និងជាតារាដែលលេចធ្លោគ្រប់ជំនាន់ រយៈពេលដែលលោកប្រឡូកក្នុងវិស័យសិល្បៈ ជិត៤ទសវត្សមកនេះ។ លោកជាតារាដែលមហាជនគ្រប់ស្រទាប់ ស្រលាញ់ចូលចិត្ត ប៉ុន្ដែជីវិតឯកជនលោក ក៏ស្ថិតក្នុងភាពអាថ៌កំបាំងដែរ ព្រោះលោកប្រើជីវិតជាពោះម៉ាយ ជាច្រើនឆ្នាំមកហើយ និងគ្មានគម្រោងយកភរិយាថ្មីទេ ក្រោយលែងលះប្រពន្ធ ឆ្នាំ១៩៨៨ ។ កាលពីឆ្នាំ១៩៨៣ លោករិនដារ៉ូ បានជាប់អាហារូបករណ៍ទៅបន្ដការសិក្សា ៣ឆ្នាំ នៅប្រទេសរុស្ស៉ី ផ្នែកវិស្វកម្មគ្រឿងយន្ដហោះ និងអ្នកបើកបរយន្ដហោះ ។ ឆ្នាំ១៩៨៦ លោកបានវិលត្រឡប់មកប្រទេសកម្ពុជា វិញ ហើយចូលបម្រើការក្នុងកងទ័ពអាកាសខ្មែរ ដែលពេលនោះ ជាពីឡុត បើកយន្ដហោះ MIG-21 ។ ប៉ុន្ដែនៅឆ្នាំ១៩៨៧ លោកទេព រិនដារ៉ូ បានងាកមកប្រឡូកសិល្បៈ ដោយថតភាពយន្ដដំបូង រឿង «ទឹកក្នែកសម្ងាត់ ក្នុងរាត្រីពណ៌ស្វាយ» របស់ផលិតកម្មសូលីវណ្ណ។ រយៈពេល៣៩ឆ្នាំ មកហើយដែលលោករិនដារ៉ូ បានប្រឡូកសិល្បៈ ដោយបន្សល់ស្នាដៃភាពយន្ដ រាប់រយរឿង ហើយពេលនេះ លោកនៅតែបន្ដអាជីពសិល្បៈ។

ជុំវិញបញ្ហាលោកទេព រិនដារ៉ូ មិនយកប្រពន្ធថ្មីនេះដែរ លោកធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ដោយសារតែលោកគិតថា រស់នៅម្នាក់ឯង ស្រួល ឯករាជ្យ ប៉ុន្ដែលោកមិនបានកំណត់ថា មិនយកប្រពន្ធ អស់មួយជីវិតទេ បើទោះជាលោកគ្មានផែនការរៀបការក្ដី តែបើជួបអ្នកយល់ចិត្ត អាចចាប់ដៃគ្នាបាន។ ជាមួយមុខរបរថ្មីនេះដែរ លោករិនដារ៉ូ រំពឹងថា មហាជនដែលគាំទ្រលោក ក៏ដូចជាអ្នករួមអាជីពទាំងអស់ នឹងមកគាំទ្រហាងលោក ឲ្យដំណើរទៅមុខ ដូចក្ដីរំពឹងរបស់លោក៕
