ភ្នំពេញ ៖ អគ្គលេខាធិការអង្គការអប់រំអន្តរជាតិ (Education International – EI) លោក ដេវីដ អែដវ៉ាដស៍ (David Edwards) បានផ្ញើលិខិតជូនចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកម្មវត្ថុ « អំពាវនាវជាបន្ទាន់ឱ្យដកចេញនូវវិធា នការរឹតត្បិតលើសកម្មភាពសហជីព និងសេរីភាពពលរដ្ឋ ដែលត្រូវបានដាក់លើលោក រ៉ុង ឈុន អតីតមេដឹក នាំសហជីព និងជាអតីតប្រធានគ្រូបង្រៀនកម្ពុជាឯករាជ្យ» ដោយបញ្ជាក់ថា ក្នុងនាមអង្គការអប់រំអន្តរជាតិ (Education International – EI) ដែលជាសហព័ន្ធសកល តំណាងឱ្យគ្រូបង្រៀន និងបុគ្គលិកវិស័យអប់រំ ជាង ៣២លាននាក់ នៅក្នុងប្រទេស ចំនួន ១៧៨ សូមសម្ដែងនូវក្ដីបារម្ភយ៉ាងខ្លាំងចំពោះវិធានការតុលាការដែលបានដាក់លើលោក រ៉ុង ឈុន រួមមាន ការហាមឃាត់មិនឱ្យចូលរួមសកម្មភាពសាធារណៈ ការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរនៅក្នុងប្រទេស និងការរឹបអូសទ្រព្យសម្បត្តិផ្នែកហិរញ្ញវត្ថុ ក្រោយពីការសម្រេចរបស់តុលាការ តាមសាលដីកាលេខ ៥០៧ xll ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ ជាមួយគ្នានេះ អង្គការអប់រំអន្តរជាតិ ក៏សូមសម្តែងនូវសាមគ្គីភាពពេញទំហឹងជាមួយ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ដែលលោក រ៉ុង ឈុន ធ្លាប់ជាមេដឹកនាំ ដែលត្រូវបានបោះឆ្នោតជ្រើសរើសផងដែរ។

អង្គការអប់រំអន្តរជាតិ បញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព និងជាអ្នកតស៊ូមតិដោយសន្តិវិធី ដើម្បីការពារសិទ្ធិរបស់កម្មករនិងគ្រូបង្រៀន។ វិធានការដែលបានដាក់កម្រិតលើការចូលរួមរបស់លោកក្នុងជីវភាពសាធារណៈ និងសមត្ថភាពរបស់លោក ក្នុងការធ្វើដំណើរ បានបង្កឱ្យមានការរឹតត្បិតលើសកម្មភាពសហជីពស្របច្បាប់ និងការចូលរួមរបស់ពលរដ្ឋក្នុងសង្គម។ ក្នុងបរិបទនេះ អង្គការអប់រំអន្តរជាតិ សូមសម្តែងនូវក្ដីបារម្ភចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កឱ្យមានចម្ងល់ពាក់ព័ន្ធនឹងភាពអព្យាក្រឹត និងយុត្តិធម៌ របស់តុលាការ ហើយហាក់ដូចជាកំណត់គោលដៅជាពិសេស ទៅលើមេដឹកនាំសហជីពដ៏លេចធ្លោមួយរូប ។ ការហាមឃាត់សកម្មភាពសាធារណៈ នឹងប៉ះពាល់ដល់ការតស៊ូមតិរបស់សហជីព និងការតំណាងឱ្យកម្មករ ទោះបីជាកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងា (ILO) រួចហើយក៏ដោយ ជាពិសេស អនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាពសមាគម ដែលធានាសិទ្ធិរបស់តំណាងកម្មករ ក្នុងការរៀបចំនិងអនុវត្តសក ម្មភាពរបស់ខ្លួនដោយសេរី ដោយគ្មានការជ្រៀតជ្រែក។ ការហាមឃាត់មិនឱ្យចាកចេញពីរាជធានីភ្នំពេញ បានបង្កឧបសគ្គបន្ថែមទៀតដល់សមត្ថភាពរបស់មេដឹកនាំសហជីព ក្នុងការទំនាក់ទំនងជាមួយសមាជិក ការចូលរួមក្នុងកិច្ចសន្ទនាការងារថ្នាក់ជាតិ និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសហជីពសកល រួមមាន អង្គការអប់រំអន្តរជាតិ (EI) សហព័ន្ធសហជីពអន្តរជាតិ (ITUC) និងអង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ។ វិធានការទាំងនេះ អាចបង្កឱ្យមានបរិយាកាសភ័យខ្លាច និងប៉ះពាល់យ៉ាងទូលំទូលាយដល់សេរីភាពសហជីព និងសង្គមស៊ីវិល។
អគ្គលេខាធិការអង្គការអប់រំអន្តរជាតិ បានលើកអំណះអំណាងពីផ្លូវច្បាប់ថា កម្ពុជា ក៏ជារដ្ឋភាគី នៃកតិកាស ញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ផងដែរ។ មាត្រា១៩ មាត្រា២១ និងមាត្រា២២ នៃកតិកាសញ្ញានេះ ធានានូវសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពសមាគម រួមទាំងសិទ្ធិសហជីពផងដែរ។ ដូច្នេះការរឹតត្បិតដែលធ្វើឱ្យមេដឹកនាំសហជីពមិនអាចបញ្ចេញមតិ ឬរារាំងការចូលរួមរបស់ពួកគេជាមួយសង្គមស៊ីវិល បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការអនុលោមតាមកាតព្វកិច្ចអន្តរជាតិទាំងនេះ។ វិធានការទាំងនេះ ក៏ពិបាកនឹងសម្របសម្រួលឱ្យស្របតាមក្របខ័ណ្ឌច្បាប់ជាតិ របស់កម្ពុជាផងដែរ។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ៤១) ធានានូវសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ និងការបង្កើតសមាគម ខណៈដែលមាត្រា៣៤ និងមាត្រា៣៥ ធានាការពារសិទ្ធិក្នុងការបង្កើត និងចូលរួមក្នុងសហជីព ព្រមទាំងសិទ្ធិក្នុងការចូលរួមសកម្មភាពរួមដោយអហិង្សា។
ដោយផ្អែកលើការប្ដេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា អង្គការអប់រំអន្តរជាតិ (EI) សូមអំពាវនាវដោយការគោរពដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យអនុវត្តវិធានការដូចខាងក្រោម ៖
– ដកចេញនូវការរឹតត្បិតទាំងឡាយ ដែលរារាំងលោក រ៉ុង ឈុន មិនឱ្យអនុវត្តសកម្មភាពស្របច្បាប់ពាក់ព័ន្ធនឹងការងារសហជីពនិងសិទ្ធិមនុស្ស និងស្តារសិទ្ធិពេញលេញរបស់លោកឡើងវិញ។
– ធានាថា មេដឹកនាំសហជីព និងអ្នកការពារសិទ្ធិមនុស្ស អាចអនុវត្តសកម្មភាពរបស់ខ្លួនបានដោយសេរី និងមានសុវត្ថិភាព ដោយគ្មានការជ្រៀតជ្រែកមិនសមស្រប។
– បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) លេខ៨៧ និងលេខ៩៨ ព្រមទាំងកាតព្វកិច្ចរបស់ខ្លួនក្រោមកតិកាសញ្ញអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។
លោកអគ្គលេខាធិការអង្គការអប់រំអន្តរជាតិ បញ្ជាក់បន្ថែមថា «អង្គការអប់រំអន្តរជាតិ (EI) នៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសន្ទនាប្រកបដោយស្ថាបនា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកស្ទួយសិទ្ធិការងារ ការចូលរួមតាមបែបប្រជាធិបតេយ្យ និងការគោរពគោលការណ៍នីតិរដ្ឋ។ ការគោរពសេរីភាពក្នុងការបង្កើតសមាគម សេរីភាពនៃការបញ្ចេញមតិ និងសកម្មភាពសហជីព មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការការពារសិទ្ធិកម្មករ និងការពង្រឹងសង្គមដែលមានលក្ខណៈប្រជាធិបតេយ្យ និងបរិយាបន្ន។ បច្ចុប្បន្ន កម្ពុជា នៅតែស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំរបស់គណៈកម្មាធិការអ្នកជំនាញរបស់អង្គការអន្តរជាតិខាងការងារ (ILO Committee of Experts – CEACR) ហើយ ប្រសិនបើកង្វល់ទាំងនេះមិនត្រូវបានដោះស្រាយទេ អង្គការអប់រំអន្តរជាតិ (EI) នឹងពិចារណាដាក់ពាក្យបណ្តឹង (allegation) ទៅកាន់គណៈកម្មាធិការសេរីភាពនៃការបង្កើតសមាគម (Committee on Freedom of Association – CFA) របស់ ILO។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ហើយនៅតែត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចសន្ទនាបន្ថែមនាពេលខាងមុខ» ។
ក្រៅពីការអំពាវនាវរបស់អគ្គលេខាធិការអង្គការអប់រំអន្តរជាតិ ខាងលើនេះ អង្គការអន្តរជាតិមួយទៀត គឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បើកលំហនយោបាយឡើងវិញ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល អាចអនុវត្តការងារបានដោយសេរី នៅមុនការបោះឆ្នោត ខាងមុខផងដែរ ។
តាមរយៈសេចក្ដីថ្លែងការណ៍ នាយករងទទួលបន្ទុកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោកស្រី ប្រាអូនី ឡៅ ( Bryony Lau) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គួរបញ្ឈប់ការប្រើប្រាស់តុលាការ ដើម្បីបំបិទសំឡេងគណបក្យនយោបាយប្រឆាំង ហើយផ្ទុយទៅវិញ គួរបើកលំហសេរីភាពឡើងវិញឱ្យគណ បក្សនយោបាយ និងក្រុមសង្គមស៊ីវិល អាចអនុវត្តសកម្មភាពដោយសេរី នៅមុនការបោះឆ្នោត នៅឆ្នាំក្រោយនេះ ។ ជាពិសេសជុំវិញការកាត់ទោសលោក រ៉ុង ឈុន លោកស្រីថា តុលាការកម្ពុជា បានបង្ហាញពីកង្វះឯករាជភាពរបស់ខ្លួន ពីគណបក្សកាន់អំណាច តាមរយៈការតម្កល់សាលដីកាផ្ដន្ទាទោសលោក ឈុន ពីបទញុះញង់ និងការដកហូតសិទ្ធិធ្វើនយោបាយរបស់លោក ។
ទោះបីជាយ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងថា កម្ពុជា គ្មានពេលណាមួយបានបំបិទសិទ្ធិនយោបាយរបស់អ្នកណាម្នាក់នោះទេ។ លោកក៏ប្រាប់ទៅកាន់អង្គការ Human Rights Watch ឱ្យដើររកមើលប្រទេសណាដែលមានគណបក្សនយោបាយរាប់សិប និងអង្គការសង្គមស៊ីវិល រាប់ពាន់ដូចកម្ពុជា។ ជាមួយគ្នានេះ លោកក៏ថ្លែងបែបចំអកទៅកាន់អង្គការដដែលថា កុំយកករណីបុគ្គលម្នាក់ ឬពីរនាក់ ដែលធ្វើខុសច្បាប់ មកវាយតម្លៃជារួមថា កម្ពុជា បានបិទសិទ្ធិនយោបាយ និងសង្គមស៊ីវិលនោះ។

គួររំលឹកថា តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតម្កល់ការកាត់ទោសលោក រ៉ុង ឈុន ឱ្យនៅដដែល ដូចការសម្រេចរបស់តុលាការថ្នាក់ក្រោម តែទោសជាប់ពន្ធនាគារ ត្រូវព្យួរសាកល្បង៣ឆ្នាំ និងដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ថែមទាំងហាមលោកមិនឱ្យចេញពីរាជធានីភ្នំពេញ និងចូលរួមវេទិកាសាធារណៈ រយៈពេល៣ឆ្នាំ ៕ កុលបុត្រ