យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃអង្គារ៍ ទី17 ខែកក្កដា ឆ្ន្នាំ 2018 បានឱ្យដឹងថា បំផ្ទុះភ្នំភ្លើងដែលកើតចេញពីតំបន់មហាសមុទ្រ នៅក្នុងរដ្ឋហាវ៉ៃ បានធ្វើឱ្យមនុស្ស23នាក់ រងរបួសធ្ងន់-ស្រាល បន្ទាប់ពីពួកគេបានធ្វើដំណើរតាមទូកកម្សាន្តទៅមើលការបំផ្ទុះភ្នំភ្លើងនៅក្នុងមហាសមុទ្រ ដែលបានកើតឡើងតាំងពីខែមុន។ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ទីនោះ ស្រាប់តែមានការផ្ទុះចេញពីបាតសមុទ្រ ដោយមានកម្ពស់ខ្ពស់ លាយឡំជាមួយនឹងដុំថ្ម និងផ្កាភ្លើង បានប៉ើងមកប៉ះនឹងដំបូលទូក ធ្វើឱ្យភ្ញៀវទេសចរណ៍រងរបួស ប៉ុន្តែ ជាសំណាងល្អ មិនបណ្តាលឱ្យមានការបាត់បង់ជីវិតនោះទេ។
ភ្នំភ្លើង Kilauea នៅក្នុងរដ្ឋហាវ៉ៃ បានចាប់ផ្តើមផ្ទុះ តាំងពីខែឧសភា ហើយបានផ្ទុះឧស្ម័ន និងការរលាយថ្ម ដែលមិនធ្លាប់មានពីមុនមក។
លោក Dawin Okinaka ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ បានប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា ទូកកម្សាន្តបានវិលត្រឡប់មកកំពង់ផែដោយសុវត្ថិភាព ហើយអ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អាជ្ញាធរនៅក្នុងតំបន់ បាននិយាយថា ក្រុមហ៊ុនទូកកម្សាន្តបានបើករកស៊ី ដោយមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយយកថ្លៃពីភ្ញៀវទេសចរណ៍ម្នាក់ ក្នុងម្នាក់តម្លៃ250ដុល្លារ ដើម្បីទៅទស្សនាមើលកម្អែភ្នំភ្នើង ដែលផ្ទុះឡើងហូរចូលទៅក្នុងមហាសមុទ្រ។
សាក្សីម្នាក់បាននិយាយថា ទូកកម្សាន្តនេះ បានចេញផុតពីរង្វង់សុវត្ថិភាព ដែលត្រូវបានកំណត់ដោយអាជ្ញាធរនៅក្នុងតំបន់។
តាមច្បាប់ភ្ញៀវទេសចរណ៍ គឺមឺនិអាចចូលទៅហួសខ្សែបន្ទាត់សុវត្ថិភាព ដែលគេបានកំណត់ចម្ងាយ300ម៉ែត្រ ប៉ុន្តែ ទូកនេះបានល្មើសនឹងបំរាមនេះ៕