Sunday, November 9, 2025
Homeព័ត៌មានជាតិពោត និងប្រយោជន៍ចំពោះសុខភាព

ពោត និងប្រយោជន៍ចំពោះសុខភាព

ពោត មានសារធាតុអាហារដែលមានប្រយោជន៍ចំពោះសុខភាពជាច្រើន ដែលមនុស្សយើងចូលចិត្តទទួលទាន ដូចជា ជួយបំប៉នភ្នែក ពន្យារភាពចាស់ ការពារការកើតជំងឺបេះដូង ជំងឺមហារីកសួត មហារីកពោះវៀន ឫសដូងបាត បង្ការទល់លាមក ជួយឱ្យបន្ទោបង់ស្រួល ជាដើម។

គុណប្រយោជន៍របស់ពោត ចំពោះសុខភាព ៖

-ជួយបំប៉នភ្នែក ៖ ពោត មានសារធាតុបេតាខារ៉ូទីន (Beta-carotene) ដែលរាងកាយនឹងយកទៅប្រើក្នុងការផលិតសារធាតុរ៉ូដុបស៊ីន (Rhodopsin) ជួយបន្ថយការចុះខ្សោយរបស់កែវភ្នែកការពាររោគភ្នែក និងមានសារធាតុហ្វូឡេត (Folate) ជួយផលិតសារធាតុប្រឆាំងអុកស៊ីដកម្ម ជួយពន្យារភាពទ្រុឌទ្រោមនៃរាងកាយ។

-ពន្យារភាពចាស់ បំប៉នស្បែក ៖ សារធាតុប្រឆាំងអុកស៊ីដកម្ម (Antio-xydant) ក្នុងពោត  មានចំណែកធ្វើឱ្យស្បែកមិនជ្រីវជ្រួញ មានភាពរលោងភ្លឺថ្លា ធ្វើឱ្យមើលទៅក្មេងជាងវ័យ។

-ការពារជំងឺបេះដូង ៖ ពោត មានជាតិកាកសរសៃដែលរលាយក្នុងទឹក និងមិនរលាយក្នុងទឹកជួយឱ្យកូលេស្តេរ៉ូល ក្នុងរាងកាយ រលាយបានល្អ។ ក្រៅពីនេះ ពោត សម្បូរទៅដោយហ្វូឡេត (Folate)  វីតាមីន B ជួយបន្ថយកម្រិតនៃអូម៉ូស៊ី ស្តេអ៊ីន (Homocysteine) អាស៊ីដអាមីណូ ក្នុងយន្តការដុតបំផ្លាញថាមពល នៅពេលមានអូម៉ូស៊ីស្តេអ៊ីន កម្រិតខ្ពស់ អាចរំលាយជាតិខ្លាញ់ ដែលស្ទះក្នុងសរសៃឈាមបេះដូង និងសរសៃ ឈាមខួរក្បាល ជួយកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងជំងឺសរសៃឈាម ជួយឱ្យឈាមចរាចរបានស្រួល និងបន្ថយជំងឺលើសឈាម។

-ប្រឆាំងមហារីក ៖ ពោត ជួយបន្ថយការប្រឈមនឹងជំងឺមហារីកសួត ហើយជាតិកាកសរសៃមិនរលាយក្នុងទឹករបស់ពោត ជួយដល់ប្រព័ន្ធរំលាយអាហារ ទើបជួយបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ ជំងឺឫសដូងបាត រោគផ្លូវអាហារ និងជំងឺទល់លាមក ព្រោះកាកសរសៃ ជួយបឺតស្រូបជាតិទឹក ធ្វើឱ្យប្រព័ន្ធរំលាយអាហារ ធ្វើការបានល្អឡើង។

គុណប្រយោជន៍ផ្នែកអាហាររបស់ពោត ៖

ការបូអ៊ីដ្រាត ៖ ពោត មានការបូអ៊ីដ្រាត (Carbohydrate) ប្រមាណ៧២%។

ថាមពល ៖ ពោត១ផ្លែ ផ្តល់ថាមពល ៤កាឡូរី។

ខ្លាញ់ ៖ គ្រាប់ពោត មានខ្លាញ់ ៤% មានឥទ្ធិពលជួយគ្រប់គ្រងកូលេស្តេរ៉ូលក្នុងរាងកាយ ជួយកាត់បន្ថយសម្ពាធឈាម។

ប្រូតេអ៊ីន ៖ ពោត មានប្រូតេអ៊ីន (Pro-tein) អាស៊ីដអាមីណូ ដែលចាំបាច់ចំពោះរាងកាយ ដូចជា លីស៊ីន (Lysine) ទ្រីបតូហ្វាន (Trypto- phan)។ គួរទទួលទានពោត រួមជាមួយធញ្ញជាតិ សណ្តែកផ្សេងៗ ដើម្បីបានទទួលសារធាតុអាហារគ្រប់គ្រាន់។

វីតាមីន ៖ សម្បូរដោយវីតាមីន B1 B2 និង ជាតិខនិជ៕

RELATED ARTICLES