Friday, March 20, 2026
Homeព័ត៌មានជាតិបដិមាព្រះសិវៈរាំ ពីប្រាសាទកោះកេរ រស់ឡើងវិញ

បដិមាព្រះសិវៈរាំ ពីប្រាសាទកោះកេរ រស់ឡើងវិញ

ខេត្តសៀមរាប ៖ បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ត១០ មានប្រភពមកពីប្រាសាទក្រហម នៅតំបន់ប្រាសាទកោះកេរ នា ស.វ.ទី១០ នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភណ្ឌ (ALIPH)។

មុនអំឡុងផ្គុំរូបរាងឡើងវិញ  បដិមាព្រះសិវៈរាំ នេះ  ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០ ០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។ អ្នកជំនាញ បានចំណាយពេលជាង ៥ឆ្នាំ ក្នុងការផ្គុំរូបរាងឡើងវិញ បានសម្រេចជាស្ថាពរ ហើយតម្កល់ទុកបណ្តោះអាសន្ន នៅអភិរក្សដ្ឋានអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀម រាប និងបានរៀបចំពិធីអបអរសាទរ នារាត្រីទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

បដិមាព្រះសិវៈ នេះ ត្រូវបានប្រមូលនិងរក្សាទុក នៅឆ្នាំ២០១២ ដើម្បីចុះបញ្ជី និងកំណត់ប្រភេទជាក្រុមតាមទម្រង់។ រាល់ដំណាក់កាលជួសជុលនីមួយៗ ក្រុមអ្នកជំនាញសុទ្ធតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេស ដើម្បីធានាថា ការអភិរក្ស គោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្ស ព្រមទាំងភាពធន់រឹងមាំយូរអង្វែង។

លោកស្រីបណ្ឌិត ភឿង សកុណា បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញនៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ធភាពការពារបេតិកភណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងបដិមាព្រះសិវៈ នេះ ឱ្យរស់ឡើងវិញសាជាថ្មី នូវស្នាដៃដូនតាខ្មែរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ មកហើយ និងសម្បត្តិវប្បធម៌ដ៏មានតម្លៃ របស់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី មានប្រសាសន៍ថា ៖ រូបបដិមានេះ ជារូបបដិមាធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងចាត់ទុកជាបដិ មាដ៏ធំមួយដែរ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយការជួសជុល លេចចេញជារូបរាង ឱ្យរស់ឡើងវិញនេះ ជាការផ្តល់នូវព្រលឹងនិងជំនឿ ក៏ដូចជាការតភ្ជាប់នូវអតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជា ជាមួយនឹងសម័យបច្ចុប្បន្ន។ លោកស្រីរដ្ឋមន្ត្រី សង្ឃឹមថា រូបបដិមាដ៏ធំ នេះ នឹងវិលត្រឡប់ទៅកាន់ទីតាំងដើម នៅប្រាសាទកោះកេរ វិញ ទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមជំនឿ ទំនៀមទំលាប់ពីដូនតាខ្មែរ និងជាការទាក់ទាញលំហូរទេសចរ ទៅកាន់តំបន់ប្រាសាទកោះកេរ កាន់តែច្រើនឡើងជាលំដាប់៕ ខៀវទុំ

RELATED ARTICLES