ចារកម្មរុស្ស៊ី ដែលត្រូវបានគេសង្ស័យ អតីតគឺជាបុគ្គលិកបម្រើការនៅស្ថានទូតអាមេរិក ប្រចាំទីក្រុងមូស្គូ អស់រយៈពេលជាង១ទសវត្សរ៍ មុនពេលដែលត្រូវបានបណ្តេញចេញកាលពីឆ្ន្នាំទៅមិញ។ នេះបើយោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

ស្ត្រីជនជាតិរុស្ស៊ី ត្រូវបានស្ថានទូតអាមេរិក ជ្រើសរើសជាបុគ្គលិកបម្រើការផ្នែកសេវាកម្មសម្ងាត់ អស់រយៈពេល១០ឆ្នាំ ក្រោយមកក៏មានការសង្ស័យដោយសារតែនាងតែងតែចេញទៅជួបប្រជុំជាមួយភ្នាក់ងារស៊ើបអង្កេតរុស្ស៊ី បើទោះជាគ្មានការអនុញ្ញាតពីស្ថានទូតអាមេរិក ក៏ដោយ។
ការិយាល័យសន្តិសុខកណ្តាលសហរដ្ឋអាមេរិក បានក្រើនរំព្ញកទៅដល់ស្ថានទូតអាមេរិក កាលពីខែមករា ឆ្នាំ២០១៧ ហើយបន្ទាប់មក ស្ថានទូតក៏សម្រេចបណ្តេញចេញពីការងារ។
មន្ត្រីសន្តិសុខស្ថានទូតអាមេរិក បាននិយាយថា ស្ត្រីរូបនេះបានលួចចូលយកព័ត៌មាននៅក្នុងប្រព័ន្ធអ៊ីនធើរណេត និងប្រព័ន្ធអ៊ីម៉ែលសម្ងាត់ ដោយរួមបញ្ចូលទាំងព័ត៌មាន កាលបរិច្ឆេទដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី និងអនុប្រធានាធិបតី ប៉ុន្តែជាសំណាងល្អ នាងមិនអាចចូលទៅយកព័ត៌មានសម្ងាត់បានច្រើននោះទេ
ជម្លោះរវាងរុស្ស៊ី និងអាមេរិក បានកើតឡើងក្រោយពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦ ដោយសារតែទីភ្នាក់ងារស៊ើបសម្ងាត់អាមេរិក បានចោទប្រកាន់ថា រុស្ស៊ី គឺជាអ្នកជ្រៀតជ្រែក និងនៅពីក្រោយជ័យជម្នះរបស់ប្រធានាធិបតីដូណាល់ ត្រាំ។ ជម្លោះនេះ បានធ្វើឱ្យប្រទេសទាំងពីរ បណ្តេញមន្ត្រីទូតគ្នាទៅវិញទៅមកអស់ជាច្រើននាក់ នៅឆ្នាំ២០១៧៕