Sunday, November 9, 2025
Homeព័ត៌មានជាតិសង្ស័យតែបុរសម្នាក់ដែលសមត្ថកិច្ចប្រដេញ ធ្លាក់ទឹកស្លាប់ក្បែរស្រះត្រី

សង្ស័យតែបុរសម្នាក់ដែលសមត្ថកិច្ចប្រដេញ ធ្លាក់ទឹកស្លាប់ក្បែរស្រះត្រី

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានកម្មករចិញ្ចឹមត្រី ប្រទះឃើញអណ្តែតក្នុងទឹកស្រះចិញ្ចឹមត្រីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍មានស្រះចិញ្ចឹមត្រីមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

សាកសពដែលអណ្តែតក្នុងស្រះចិញ្ចឹមត្រីខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ប៉ុន្តែមានការសង្ស័យថា ជាបុរសម្នាក់ដែលបានជិះម៉ូតូរត់គេចពីមនុស្សមួយក្រុម រួចបាត់ខ្លួននៅក្នុងម្តុំកន្លែងកើតហេតុនេះ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន (មិនចាំថ្ងៃច្បាស់) គេឃើញមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល តែបានអះអាងថាជាសមត្ថកិច្ច បានជិះម៉ូតូប្រដេញតាមបុរសម្នាក់ ចូលមកក្នុងមូលដ្ឋានកើតហេតុខាងលើ។ លុះពេលដេញមកដល់ចំណុចកើតហេតុនេះ ដីឡូតិ៍ដែលមានស្រះចិញ្ចឹមត្រីនេះ ស្រាប់តែបាត់តម្រុយបុរសម្នាក់នោះតែម្តង ទើបក្រុមដែលអះអាងថា ជាកម្លាំងសមត្ថកិច្ច បាននាំគ្នាដកថយទៅវិញអស់។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ក៏ស្រាប់តែកម្មករចិញ្ចឹមត្រីបានប្រទះ ឃើញសាកសពបុរសម្នាក់អណ្តែតទឹកស្រះ ស្ថិតក្នុងសភាពហើមស្អុយរលួយទៅហើយ និងត្រូវគេសង្ស័យថា សាកសពអាចជាបុរសម្នាក់ដែល ត្រូវគេដេញចាប់កាលពីប៉ុន្មានថ្ងៃមុន។

 

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ និងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសាកសពខាងលើ។ ចំណែកអ្នកសារព័ត៌មានជាច្រើន ក៏បាននាំគ្នាចុះដល់ទីតាំងកើតហេតុដែរ តែត្រូវក្រុមសមត្ថកិច្ចបញ្ជាឱ្យកម្មករបិទរបងដីឡូតិ៍ ហាមមិនឱ្យអ្នកយកព័ត៌មានចូលដាច់ខាត។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាខាងជំនាញ នៅមិនទាន់អាចបញ្ជាក់ថា ជាករណីអ្វីឱ្យច្បាស់លាស់នៅឡើយ៕

RELATED ARTICLES