Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ចង់ឱ្យមានជំនួបប្រជុំកំពូលលើកទី2 ជាមួយលោកដូណាល់ ត្រាំ

កូរ៉េខាងជើង ចង់ឱ្យមានជំនួបប្រជុំកំពូលលើកទី2 ជាមួយលោកដូណាល់ ត្រាំ

បើយោងទៅតាមមន្ត្រីម្នាក់ដែលស្និទ្ធនឹងរបបក្រុងព្យុងយ៉ាង បានអះអាងកាលពីថ្ងៃចន្ទ ទី06 ខែសីហា ឆ្នាំ2018 ថា កូរ៉េខាងជើង កំពុងតែស្វះស្វែងរកលទ្ធភាពឱ្យមានជំនួបប្រជុំកំពូលលើកទី2 រវាងមេដឹកនាំកំពូល គីម ជីងអ៊ុន និងលោកដូណាល់ ត្រាំ។

មន្ត្រីដដែលនោះ បានគូសបញ្ជាក់ថា បើទោះជាប៉ុន្មានថ្ងៃកន្លងមកនេះ មានភ័ស្តុតាងជាច្រើន ដែលចាប់បានពីផ្កាយរណបចារកម្មថា កូរ៉េខាងជើង នៅតែបន្តផលិតអាវុធនុយក្លេអ៊ែរបែបណាក្តី ក៏ថ្មីៗនេះ មានការឆ្លើយឆ្លងគ្នាតាមរយៈលិខិតរវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន ដែលទទូចចង់ឱ្យមានកិច្ចប្រជុំលើកទី2។

ទោះជាយ៉ាងណាក្តី មន្ត្រីរូបនោះមិនបានបញ្ជាក់ពីកាលបរិច្ឆេទថា តើកិច្ចប្រជុំនោះ នឹងចាប់ផ្តើមនៅពេលណានៅឡើយទេ ប៉ុន្តែវាអាចធ្វើឡើងនៅចុងឆ្នាំនេះ។

ជាមួយគ្នានេះដែរ លោក Kim Eui-Keum អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទ ថា កូរ៉េខាងត្បូង កំពុងព្យាយាមសុំឱ្យកូរ៉េខាងជើង បង្កើនល្បឿនរំលាយអាវុធនុយក្លេអ៊េររបស់ខ្លួន និងសុំឱ្យសហរដ្ឋអាមេរិក បង្ហាញនូវកិច្ចប្រឹងប្រែងដោយស្មោះត្រង់ ចំពោះវិធានការណ៍ឆ្លើយតបទៅនឹងតម្រូវការរបស់កូរ៉េខាងជើង។

កាលពីសប្តាហ៍មុន លោក Ri Yong Ho រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានហៅទង្វើរបស់អាមេរិក ចាប់តាំងពីសម័យប្រជុំ ថ្ងៃទី12 ខែមិថុនា នៅសិង្ហបុរី ថា ជាកិច្ចប្រជុំមួយដែលមិនទាន់ទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយនៅឡើយទេ ពីព្រោះភាគីទាំងពីរ ហាក់ដូចជាមិនទាន់បានយល់ពីគ្នាទៅវិញទៅមក៕

RELATED ARTICLES