កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ បានកំណត់យកខែកញ្ញា ជាការបរិច្ឆេទចុងក្រោយ ថាតើលោកនឹងបន្តប្រឡូកក្នុងនយោបាយសម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ ឬក៏អត់នោះទេ?
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅវិមានរដ្ឋាភិបាលទីក្រុងបាងកក លោកប្រាយុទ្ធ បាននិយាយថា ប្រសិនបើខ្ញុំនៅបន្តដឹកនាំប្រទេស ខ្ញុំនឹងពិនិត្យទៅលើច្បាប់មួយចំនួន តែលោកមិនបានបង្ហាញឱ្យដឹងលម្អិតពីច្បាប់ណាមួយនោះទេ។
លោកបានបន្តទៀតថា នៅក្នុងខែកញ្ញា អ្នករាល់គ្នានឹងបានដឹងច្បាស់ហើយ។
លោកប្រាយុទ្ធ ចាន់អូចារ ដែលមានវ័យ៦៤ឆ្នាំ បានដឹកនាំធ្វើរដ្ឋប្រហារយោធា ទម្លាក់លោកស្រីយីងឡាក់ ពីកៅអីនាយករដ្ឋមន្ត្រី ហើយបានបន្តដឹកនាំរបបយោធាថៃ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាការពិត លោកនាយករដ្ឋមន្ត្រី ចាន់អូចារ ហាក់ដូចជាបង្ហាញសញ្ញាចង់បន្តដឹកនាំសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។
ប្រទេសថៃ គ្រោងនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិិ នៅខែឧសភា ឆ្នាំ២០១៩ ខាងមុខ ដើម្បីផ្លាស់ប្តូរការដឹកនាំពីរបបយោធាមកស៊ីវិលវិញ។
អ្នកគាំទ្រលោកប្រាយុទ្ធ មួយចំនួន ចង់ឱ្យលោកបន្តដឹកនាំធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។
បើយោងតាមបច្ចេកទេស និងច្បាប់រដ្ឋធម្មនុញ្ញ លោកប្រាយុទ្ធ មិនអាចឈរឈ្មោះបោះឆ្នោតតំណែងនាយករដ្ឋមន្ត្រី នៅឆ្នាំក្រោយបានទេ ពីព្រោះថា គាត់ត្រូវតែលាលែងពីតំណែង តាំងពីឆ្នាំ២០១៧ មកម៉្លេះ។ ទោះជាយ៉ាងណាក្តី គាត់អាចវិលត្រឡប់ជានាយករដ្ឋមន្ត្រី ប្រសិនបើសមាជិកគណបក្សគាំទ្រគោលនយោបាយរបស់គាត់។
ជាមួយគ្នានេះដែរ រដ្ឋធម្មនុញ្ញោដាយគាំទ្រដោយពួកយោធា ក៏បានបើកផ្លូវឱ្យលោកប្រាយុទ្ធ បន្តធ្វើជានាយករដ្ឋមន្ត្រី ទៀតដែរ៕
