យោងតាមប្រភពពព័ត៌មានពី BBC ចេញផ្សាយកាលពីអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Mario Mandzukic បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រូអាស៊ី។
កីឡាករវ័យ៣២ឆ្នាំ គឺជាកម្លាំងសំខាន់ដែលជួយឱ្យក្រូអាស៊ី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។
កីឡាករ Mandzukic បានសរសេរបង្ហោះនៅលើគេហទំព័រផ្ទាល់ខ្លួន Twitter ថា “ខ្ញុំមានមោទនភាព និងអនុស្សាវរីយ៍រាប់មិនអស់នៅក្នុងក្រុមជម្រើសជាតិក្រូអាស៊ី។ ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព ពេលលេងឱ្យក្រុមជម្រើសជាតិ”។
ជាមួយគ្នានេះដែរ Mario Mandzukic ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រក្រុមជម្រើសជាតិ ដែលទទួលស្គាល់ការប្រឹងប្រែងខ្លួនកន្លងមក។
Mario Mandzukic ចាប់លេងឱ្យឈុតធំក្រុមជម្រើសជាតិក្រូអាស៊ី តាំងពីឆ្នាំ២០០៧។ ជាង១០ឆ្នាំ លេងឱ្យក្រុមជម្រើសជាតិ កីឡាកររូបនេះ បានបង្ហាញខ្លួនសរុបបាន៨៩ប្រកួត និងស៊ុតចូល៣៣គ្រាប់។
ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ ខ្សែប្រយុទ្ធ Mario Mandzukic ស្ថិតក្នុងចំណោមកីឡាករសំខាន់ដែលបានរួមចំណែកជួយក្រូអាស៊ី ឱ្យឡើងវគ្គផ្តាច់ព្រ័ត្រ៕