Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិតុលាការកំពូលម៉ាឡេស៊ី បើកសវនាការករណីឃាតកម្មបងប្រុសគីម ជុងអ៊ុន

តុលាការកំពូលម៉ាឡេស៊ី បើកសវនាការករណីឃាតកម្មបងប្រុសគីម ជុងអ៊ុន

កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ តុលាការកំពូលម៉ាឡេស៊ី បានលើកយកសំណុំរឿងរបស់ស្ត្រី២នាក់ ដែលពាក់ព័ន្ធទៅនឹងឃាតកម្មលោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន មកជំនុំជម្រះ។

ស្ត្រីទាំង២នាក់នោះ មានឈ្មោះថា Siti Aisyah ជនជាតិឥណ្ឌូណេស៊ី និង Doan Thi Huong ជនជាតិវៀតណាម ត្រូវបានតុលាការម៉ាឡេស៊ី ចោទប្រកាន់ពីបទមនុស្សឃាតទៅលើលោកគីម ជុងណាម នៅព្រលានយន្តហោះគូឡាឡាំពួរ កាលពីឆ្នាំ២០១៧ ដោយប្រើប្រាស់សារធាតុគីមី VX ដែលជាសារធាតុហាមឃាត់របស់អង្គការសហប្រជាជាតិ ។

លោកចៅក្រម Azmi Ariffin បានរក្សាការចោទប្រកាន់ទៅលើស្ត្រី២នាក់នោះ រួមទាំង ជនជាតិកូរ៉េ ៤នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ពាក់ព័ន្ធទៅនឹងការសម្លាប់លោកគីម ជុងណាម។

ប្រសិនបើរកឃើញថា អ្នកទាំងពីរនោះ ពិតជាបានប្រព្រឹត្តឃាតកម្មទៅលើលោកគីម ជុងណាម មែន ពួកគេត្រូវប្រឈមនឹងការផ្តន្ទាទោសប្រហារជីវិត។

ទាក់ទងទៅនឹងការចោទប្រកាន់នេះ ស្ត្រីទាំង២នាក់ ដែលមានវ័យទើបតែ២០ឆ្នាំ បានច្រានចោលការចោទប្រកាន់របស់តុលាការ។ ទោះជាយ៉ាងណាក្តី សម្រាប់សវនាការថ្ងៃនេះ មិនទាន់សម្រេចកាត់ក្តីបែបណានៅឡើយនោះទេ ដោយរង់ចាំសវនាការបន្ទាប់ទៀត ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា និងខែកុម្ភៈ ឆ្នាំក្រោយ។ នេះបើតាមប្រភពពីតុលាការម៉ាឡេស៊ី។

គួររំលឹកថា លោកគីម ជុងណាម ត្រូវបានគេសម្លាប់ដោយប្រើប្រាស់សារធាតុគីមី  VX នៅឯព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រោយមក ស្ត្រីពីរនាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះ។ ចំណែកឯសហរដ្ឋអាមេរិក បានចោទប្រកាន់ទៅលើរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ថា ជាអ្នកនៅពីក្រោយឃាតកម្មនេះ តែរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធការចោទប្រកាន់នេះ៕

RELATED ARTICLES