Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិប្រទេសថៃ នឹងបញ្ឈប់ការនាំចូលសំរាមបច្ចេកវិទ្យា

ប្រទេសថៃ នឹងបញ្ឈប់ការនាំចូលសំរាមបច្ចេកវិទ្យា

យោងតាមមន្ត្រីក្រសួងបរិស្ថានម្នាក់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រទេសថៃ នឹងហាមឃាត់ការនាំចូលសំរាមបច្ចេកវិទ្យាអេឡិចត្រូនិក ៤៣២ប្រភេទ ក្នុងរង្វង់៦ខែខាងមុខនេះ។

ប្រទេសថៃ  បានក្លាយជាប្រទេសថ្មីបំផុតចុងក្រោយ ដែលបានឆ្លើយតបទៅនឹងការបង្ក្រាបរបស់ប្រទេសចិន ទៅលើការនាំចូលសំរាមបច្ចេកវិទ្យា នៅក្នុងឆ្នាំនេះ។

ប្រទេសនៅក្នុងតំបន់អាស៊ាន មួយនេះ បានសម្តែងក្តីព្រួយបារម្ភថា នៅថ្ងៃអនាគត ប្រទេសរបស់គេអាចក្លាយជារណ្តៅមួយ សម្រាប់ចាក់ចោលសំរាមរបស់ពិភពលោក បន្ទាប់ពីចិន បានហាមឃាត់ការនាំចូលប្រភេទសំរាមបច្ចេកវិទ្យាពីបរទេស។

សំរាមបច្ចេកវិទ្យា៤៣២ប្រភេទ ដែលថៃ គ្រោងនឹងហាមឃាត់ មានដូចជា គ្រឿងអេឡិចត្រូនិក អគ្គិសនី ទូរទស្សន៍ចាស់ គ្រឿងបន្លាស់ វិទ្យុ ជាដើម។

លោក Mongukol Pruekwatana អគ្គនាយកនៃនាយកដ្ឋានឧស្សាហកម្ម បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា បញ្ជីមុខទំនិញទាំង៤៣២ ដែលត្រូវហាមឃាត់ និងត្រូវប្រកាសឱ្យដឹងលម្អិតនៅពេលឆាប់ៗខាងមុខនេះ។

លោកបានថ្លែងទៀតថា ដែលហៅថា សំរាមបច្ចេកវិទ្យា មានដូចជា ខ្សែភ្លើងអេឡិចត្រូនិក ឬក៏អាគុយ ដែលអាចយកមកកែច្នៃទៅជាលោហៈមានតម្លៃ ដូចជា មាស ប្រាក់ និងស្ពាន់ ប៉ុន្តែ វត្ថុមួយចំនួន វាអាចធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស ដូចជា បារត សំណ៕

RELATED ARTICLES