Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់បែកអត្តឃាតនៅនៅមជ្ឈមណ្ឌលអប់រំ ស្លាប់៤៨ របួស៦៧នាក់

បំផ្ទុះគ្រាប់បែកអត្តឃាតនៅនៅមជ្ឈមណ្ឌលអប់រំ ស្លាប់៤៨ របួស៦៧នាក់

បើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌័មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា មនុស្ស៤៨នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និង៦៧នាក់ រងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅមជ្ឈមណ្ឌលអប់រំទីក្រុងកាបុល កាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ ២០១៨។

អ្នកនាំពាក្យប៉ូលិស លោក Hashmat នៅក្នុងតំបន់កើតហេតុ បានឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានដើរចូលទៅមជ្ឈមណ្ឌលអប់រំ ខណៈពេលដែលគ្រូកំពុងតែបង្រៀន ហើយក៏បានបំផ្ទុះគ្រាប់បែកតែម្តង។

មន្ត្រីប៉ូលិសដដែលនោះ បានឱ្យដឹងទៀតថា អ្នកស្លាប់ភាគច្រើន គឺជាកូនសិស្សដែលទៅរៀនបំប៉នភាសាអង់គ្លេស សម្រាប់ការប្រលងចូលមហាវិទ្យាល័យ។

ក្រោយកើតហេតុ ពុំមានក្រុមណាមួយចេញមុខទទួលខុសត្រូវនោះទេ ប៉ុន្តែ អ្នកនាំពាក្យតាលីបង់ បានបដិសេធថា ក្រុមរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះទេ។

ទាក់ទងនឹងការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ អង្គការ UNICEF និងអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យមានការទទួលខុសត្រូវ  ចំពោះសុវត្ថិភាពជនស៊ីវិលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

អង្គការ UNICEF បាននិយាយថា អំពើហិង្សាត្រូវតែបញ្ឈប់ជាបន្ទាន់ នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ហើយអង្គការនេះ ក៏បានអំពាវនាវទៅដល់គ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធទៅនឹងជំនួសឱ្យប្រកាន់យក និងគោរពគោលការណ៍មនុស្សធម៌៕

RELATED ARTICLES