ជាថ្មីម្តងទៀត ប្រទេសចិន ដែលមានសង្គ្រាមពាណិជ្ជកម្មដ៏រ៉ាំរ៉ៃជាមួយសហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ជូនគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅចរចាជាមួយសហរដ្ឋអាមេរិក នៅចុងខែសីហា ដើម្បីដោះស្រាយបញ្ចប់វិវាទសង្គ្រាមពាណិជ្ជកម្មនេះ។
យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គណៈប្រតិភូពាណិជ្ជកម្មជាន់ខ្ពស់ចិន ដឹកនាំដោយលោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងទៅជួបពិភាក្សាជាមួយសមភាគី លោក David Malpaff អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងកិច្ចការអន្តរជាតិ តបតាមការអញ្ជើញរបស់សហរដ្ឋអាមេរិក។
នេះគឺជាកិច្ចប្រជុំលើកទី3 បន្ទាប់ពីប្រជុំ២លើក កាលពីខែមុន ត្រូវបរាជ័យ នៅក្នុងជំនួបប្រជុំនេំះ ទីក្រុងប៉េកាំង បានបញ្ចោញជំហរប្រឆាំងដាច់ខាតទៅនឹងសកម្មភាពឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មម្តងជាពីរដង មកលើប្រទេសចិន ហើយនៅក្នុងជំនួបប្រជុំនេះ ចិន ចង់ឱ្យមានការគោរពគោលការណ៍ស្មើភាពសុច្ចរិតភាព ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក។
កាលពីខែមុន រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានចាប់ផ្តើមអនុវត្តន៍យកពន្ធបន្ថែម 34ពាន់លានដុល្លារ ទៅលើផលិតផលនាំចូលពីប្រទេសចិន ហើយជាមួយគ្នានោះដែរ ចិ នក៏មិននៅស្ងៀម បានដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដែរ។ នៅក្នុងខែសីហា នេះ ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងដំឡើងពន្ធទៅលើមុខទំនិញចិន 16ពាន់លានដុល្លារទៀត ដែលធ្វើឱ្យចិន កាន់តែខឹងសម្បាយ៉ាងខ្លាំង រហូតមកដល់ពេលនេះ ចិន បានដំឡើងពន្ធ60ពាន់លានដុល្លារ ទៅលើមុខទំនិញអាមេរិក ខណៈដែលអាមេរិក បានដំឡើងពន្ធ25% ស្មើនឹងជាង200ពាន់លានដុល្លារ ទៅលើមុខទំនិញចិន។
ការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ត្រូវបានលោកដូណាល់ ត្រាំ ថ្លែងថា អាមេរិក នឹងយកឈ្នះដោយស្រួលទៅលើចំណាត់ការនេះ ខណៈដែលចិន ក៏កំពុងតែរកវិធានការទប់ទល់ជាមួយនឹងឹប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ។
ការគំរាមកំហែងដំឡើងពន្ធបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក មិនពេញចិត្តនឹងអតុល្យភាពជញ្ជីងពាណិជ្ជកម្ម រវាងចិន-អាមេរិក ដែលអាមេរិក មានឱនភាពដល់ទៅ350ពាន់លានដុល្លារ ក្នុងឆ្នាំ2017៕