យោងតាមប្រភពព័ត៌មានពីមន្ទីរបញ្ចោកាណ ចេញផ្សាយកាលពីថ្ងៃទី17 ខែសីហា ឆ្នាំ2018 បានឱ្យដឹងថា គម្រោងហែព្យុហយាត្រាកងទ័ពទ្រង់ទ្រាយធំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងធ្វើនៅចុងឆ្នាំ2018 នេះ ត្រូវលើកពេលទៅឆ្នាំ2019 ខាងមុខវិញ។
ការពន្យារពេលនេះបានធ្វើឱ្យលោកដូណាល់ ត្រាំ ខកចិត្តយ៉ាងខ្លាំង ដោយសារតែលោកចង់បង្អួតអនុភាពកងទ័ពរបស់ខ្លួន ទៅឱ្យពិភពលោកបានឃើញ។
លោក Rob Manning អ្នកនាំពាក្យមន្ទីរបញ្ចោកាណ បាននិយាយថា ក្រសួងការពារជាតិ និងសេតវិមាន បានព្រមព្រៀងរៀបចំក្បួនដង្ហែជាកិត្តិយស ដើម្បីរំព្ញកដល់អតីតយុទ្ធជនអាមេរិក និងជាការអបអរខួបលើកទី100 ក្រោយបញ្ចប់សង្គ្រាមលោកលើកទី1 ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ2018នេះ ត្រូវបានប្តូរកាលបរិច្ឆេទទៅធ្វើនៅឆ្នាំ2019 វិញ។
ទាក់ទងទៅនឹងមូលហេតុនៃការពន្យារពេលនេះ មិនត្រូវបានគេប្រាប់ឱ្យដឹងច្បាស់នោះទេ ប៉ុន្តែទំនងមកពីបញ្ហាការចំណាយលុយដ៏ច្រើនក្នុងការរៀបចំពិធីនេះ។
បើតាមប្រភពព័ត៌មានដែលសុំមិនបញ្ចោញឈ្មោះ បានប្រាប់ឱ្យដឹងថា ពិធីហែក្បួនព្យុហយាត្រាដ៏ធំនេះ អាចនឹងចំណាយលុយប្រហែលជា90លានដុល្លារ ដែលខុសពីការប៉ាន់ស្មានរបស់សេតវិមាន ដែលថា ចំណាយត្រឹមតែចន្លោះពី10-30លានប៉ុណ្ណោះ។ ការលើកពេលដង្ហែក្បួននេះ បានធ្វើឱ្យគណបក្សរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន សម្តែងការអបអរសាទរ ដោយសារតែពួកគេយល់ឃើញថា ការរៀបចំពិធីនេះ គឺជាការខ្ជះខ្ជាយថវិការជាតិ អត់ប្រយោជន៍។
ក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំនេះ ធ្លាប់ធ្វើម្តងរួចមកហើយ កាលពីឆ្នាំ1991 ក្រោយពីទាហានអាមេរិក បណ្តេញទាហានអ៊ីរ៉ាក់ ចេញពីទឹកដីគុយវេត ក្នុងសង្គ្រាមឈូងសមុទ្រ ពែរ្យ។
ទោះជាយ៉ាងណាក្តី ត្រាំ ចង់ឱ្យមានព្រឹត្តិការណ៍នេះឡើងវិញ ដើម្បីបង្ហាញកម្លាំងយោធារបស់ខ្លួន និងជាការគំរាមកំហែងមួយផងដែរ សម្រាប់បណ្តាប្រទេសដែលកំពុងតែមានជម្លោះជាមួយសហរដ្ឋអាមេរិក៕