Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិខ្មាន់កាំភ្លើងវាយប្រហារចូលស្ថានទូតអាមេរិក នៅតួកគី

ខ្មាន់កាំភ្លើងវាយប្រហារចូលស្ថានទូតអាមេរិក នៅតួកគី

យោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះទៅលើស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងអង់ការា ប៉ុន្តែ សំណាងល្អ ពុំបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។

ការបាញ់ប្រហារកាលពីព្រឹកថ្ងៃចន្ទ នេះ វាកើតឡើងចំពេលដែលស្ថានភាពជម្លោះការទូតរវាងប្រទេសតួកគី និងសហរដ្ឋអាមេរិក កាន់តែតឹងតែងឡើងៗ។

ការិយាល័យរដ្ឋាភិបាលទីក្រុងអង់ការា បានចេញសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងម្នាក់ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានបើកឡានបាញ់រះជាច្រើនគ្រាប់ ទៅលើសន្តិសុខដែលយាមមុខស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែ គ្រាប់កាំភ្លើងនោះបានត្រូវរបងការពារ និងបង្អួចតែប៉ុណ្ណោះ។

ការិយាល័យរដ្ឋាភិបាល បានឱ្យដឹងទៀតថា ប៉ូលិសកំពុងស៊ើបអង្កេតចំពោះហេតុការណ៍នេះ។ ក្នុងសប្តាហ៍នេះ ស្ថានទូតអាមេរិក បានបិទទ្វារ ដោយសារតែជាថ្ងៃឈប់សម្រាកបុណ្យសាសនាអ៊ិស្លាម។

ដោយឡែក អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់ស្នងការប៉ូលិសជាតិតួកគី ដែលបានសហការទាន់ពេលវេលា។

គួររំលឹកថា ស្ថានទូតអាមេរិក និងស្ថានកុងស៊ុល នៅទីក្រុងអ៊ីស្តេនបុល គឺជាគោលដៅវាយប្រហារដោយពួកសកម្មយុទ្ធ និងការគំរាមកំហែងសន្តិសុខជាច្រើនលើកច្រើនដង កាលពីអតីតកាល៕

RELATED ARTICLES