Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិអុីស្រាអ៊ែល និងអាមេរិក អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើប្រទេសអុីរ៉ង់

អុីស្រាអ៊ែល និងអាមេរិក អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើប្រទេសអុីរ៉ង់

នៅក្នុងជំនួបប្រជុំនៅទីក្រុងហ្សេរុយសាឡិម កាលពីថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានអំពាវនាវឱ្យបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប បង្កើនការដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់។

លោក John Bolton បានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលផ្តោតអារម្មណ៍ទៅលើការពិភាក្សាស្តីអំពីប្រទេសអ៊ីរ៉ង់ និងិប្រទេសស៊ីរី។ បន្ទាប់ពីជួបជាមួយមេដឹកនាំប្រទេសអ៊ីស្រាអ៊ែល លោក John Bolton នឹងបន្តដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងស្វីស ដើម្បីជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ខាងមុខ។

យោងទៅតាមសេតវិមាន បានឱ្យដឹងថា ជំនួបនៅទីក្រុងហ្សឺណែវ ជាមួយគណៈប្រតិភូរុស្ស៊ី ក្នុងគោលបំណងស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីកិច្ចប្រជុំរវាងលោកដូណាល់ ត្រាំ និងវ៉្លាឌីមៀរ ពូទីន នៅទីក្រុង Helsinki នៅប្រទេសហ្វាំងឡង់ មិនសូវទទួលបានលទ្ធផលល្អ។

លោក Netanyahu បានទទូចសុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ដកខ្លួនឱ្យឆ្ងាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាសត្រូវធំបំផុតរបស់អ៊ីស្រាអ៊ែល និងអំណាចខ្លាំងរបស់ពិភពលោក។

អ៊ីស្រាអ៊ែល និងអាមេរិក មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងពីិលោកដូណាល់ ត្រាំ ចូលកាន់តំណែងឆ្នាំ២០១៦។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល រូបនេះ បានថ្លែងថា និយាយដោយស្មោះត្រង់ទៅ ខ្ញុំជឿជាក់ថា បណ្តាប្រទេសទាំងអស់ដែលយកចិត្តទុកដាក់ទៅលើសន្តិភាព និងសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូពា៍ គួរតែធ្វើតាមសហរដ្ឋអាមេរិក ដោយបង្កើនល្បឿនដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់។

លោកបានបន្ថែមទៀតថា ការដាក់សម្ពាធកាន់តែធំទៅលើប្រទេសអ៊ីរ៉ង់ វានឹងអាចធ្វើឱ្យមានឱកាសផ្លាស់ប្តូររបបនៃប្រទេសនេះ កុំឱ្យមានមហិច្ឆតាទៅលើប្រទេសដទៃ។

ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី គឺជាអ្នកគាំទ្ររបបលោកអាសាដ ប្រធានាធិបតីស៊ីរី ហេតុដូច្នោះហើយ បានជាសហរដ្ឋអាមេរិក តែងតែដាក់សម្ពាធទៅលើលោកពូទីន ដើម្បីធានាថា កងកម្លាំងអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី នឹងដកខ្លួនឱ្យឆ្ងាយពីក្រុមឧទ្ទាម Hezbollah៕

លោក John Bolton
RELATED ARTICLES