នៅព្រឹកថ្ងៃអង្គារ នេះ ស្នូរកាំភ្លើងផ្ទុះនៅចំកណ្តាលទីក្រុងកាបុល ប្រទេសអាហ្វហ្គានីស្ថាន ជិតវិមាប្រធានាធិបតី ចំពេលដែលលោកប្រធានាធិបតី Ashraf Ghani កំពុងថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ដើម្បីប្រារឰបុណ្យសាសនាអ៊ិស្លាម។
ការវាយប្រហារនោះ ស្របពេលដែលលោកប្រធានាធិបតី បានអំពាវនាវសូមឱ្យពួកសកម្មជនតាលីបង់ ចុះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ក្នុងអំឡុងពេលពិធីបុណ្យសាសនានេះ។ ផ្ទុយទៅវិញ ពួកតាលីបង់ មិនព្រមតាមសំណើរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន ទេ។
ទាក់ទងទៅនឹងការវាយប្រហារនេះ ពុំទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីអ្នកស្លាប់បាត់បង់ជីវិត ឬក៏រងរបួសនោះទេ។ ក្រោយមានការបាញ់ប្រហារនេះ ក្រុមសន្តិសុខក៏បានប្រើប្រាស់ឧទ្ធម្ភាគចក្រ វាយប្រហារទៅលើអគារក្បែរៗនោះ ដែលសង្ស័យថា មានពួកសកម្មយុទ្ធកំពុងលាក់ខ្លួន។
មន្ត្រីសន្តិសុខប្រចាំទីក្រុងកាបុល បាននិយាយថា សំឡេងផ្ទុះ គឺបណ្តាលមកពីបាញ់គ្រាប់រ៉ុក្កែត ចេញពីកាំភ្លើងយន្ត មកពីខាងក្រៅទីក្រុង ហើយបានធ្លាក់ជិតវិមានរដ្ឋាភិបាលបរិវេណស្ថានទូត និងអគាររដ្ឋាភិបាល។
ឆ្លើយតបទៅនឹងការវាយប្រហារនេះ លោក Ghani បានថ្លែងថា នៅមានក្រុមមួយចំនួនមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ហើយពួកគេបានបន្តធ្វើឱ្យមានអំពើហិង្សា។
ពួកសកម្មជនតាលីបង់ និងពួកជ្រុលនិយមរដ្ឋអ៊ិស្លាម បានធ្វើការវាយគ្នាទៅវិញទៅមក នៅក្នុងខែសីហា នោះ ដែលបណ្តាលឱ្យមនុស្សរាប់រយនាកស្លាប់បាត់បង់ជីវិត៕