យ៉ាងហោចណាស់ អ្នកឡើងភ្នំ11នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសអ៊ីតាលី។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី21 ខែសីហា ឆ្នាំ2018។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា ពួកគេកំពុងដើរនៅក្នុងជ្រោះមួយកន្លែងក្នុងឧទ្យានជាតិ ចំពេលដែលមានជំនន់ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង។
នៅក្នុងហេតុការណ៍នេះ មនុស្ស18នាក់ ត្រូវបានជួយសង្គ្រោះ។ ដោយរួមបញ្ចូលទាំងក្មេងប្រុសម្នាក់អាយុ10ឆ្នាំ ហើយក្នុងនោះ មនុស្ស 6នាក់ ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក មន្ត្រីអាជ្ញាធរក្នុងតំបន់ បាននិយាយថា គេមិនបានដឹងពីចំនួនពិតប្រាកដនៃអ្នកឡើងភ្នំនោះទេ បើទោះជាយ៉ាងណាក្តី ក្រុមសង្គ្រោះកំពុងតែតាមរកអ្នកដែលកំពុងបាត់ខ្លួន។
ជាមួយគ្នានេះដែរ លោក Carlo Tanse ប្រធានការពារជនស៊ីវិល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពួកគេបានធ្វើដំណើរឡើងទៅលើកំពូលភ្នំ ដែលមានកម្ពស់ជាង1គីឡូម៉ែត្រ ដោយចេញដំណើរតាមជ្រោះតូចចង្អៀត ដែលអាចរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕