កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រទេសរុស្ស៊ី នឹងរៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក នៅខែកញ្ញា ចាប់តាំងពីការដួលរលំអតីតសហភាពសូវៀត។ នៅក្នុងលំហាត់សមយុទ្ធយោធានេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង រួមនឹងមេដឹកនាំដទៃទៀតៗ អាចនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ។
យោងទៅតាមសេចក្តីថ្លែងការណ៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងចិន បានឱ្យដឹងថា ទាហានរាប់ពាន់នាក់មកពីប្រទេសចិន និងម៉ុងហ្គោលី ត្រូវបានគេរំពឹងថា នឹងចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយប្រទេសរុស្ស៊ី នៅក្នុងតំបន់ស៊ីប៊ឺរី។ ការធ្វើសមយុទ្ធនេះ គឺជាការសាកល្បងសព្វាវុធក្នុងសម័យបច្ចេកវិទ្យា ដោយរួមបញ្ចូលទាំងការសាកល្បងបាញ់មីស៊ីល រយៈចម្ងាយវែងផងដែរ។
លោក Shoigu នាយឧត្តមសេនីយ៍ បាននិយាយថា សមយុទ្ធនេះអាចមានទាហាន១៥ម៉ឺននាក់ ចូលរួម យន្តហោះជាង៦០០គ្រឿង និងនាវាចម្បាំង៨០គ្រឿង ព្រមទាំងយុទ្ធោបករណ៍ទំនើបៗជាច្រើនទៀត។
នៅក្នុងសមយុទ្ធនេះ ប្រទេសចិន និងបញ្ជូនកងទ័ព៣២០០ អាវុធទំនើបចំនួន៩០០គ្រឿង យន្តហោះចម្បាំង៣០គ្រឿង និងឧទ្ធម្ភាគចក្រចម្បាំងជាច្រើនគ្រឿង។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សមយុទ្ធនេះមិនមែនធ្វើឡើងដើម្បីប្រឆាំងទៅលើប្រទេសណាមួយនោះទេ វាគ្រាន់តែជាការហ្វឹកហាត់ ដើម្បីការពារខ្លួន និងការពារសត្រូវ ដែលអាចនឹងឈ្លានពានមកលើទឹកដីរុស្ស៊ី។
សម្រាប់ឆ្នាំនេះ ប្រទេសរុស្ស៊ី កំពុងតែបង្ហាញអនុភាពកម្លាំងយោធា និងសព្វាវុធទំនើបៗបង្អួតពិភពលោក៕