ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ដែលបានធ្វើសកម្មភាពនៅក្នុងទឹកដីខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនតាមបានកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចសង្កាត់លេខ២ ក្រុងព្រះសីហនុ បន្ទាប់ពីជនសង្ស័យបានមកសម្ងំលក់ខ្លួន និងប៉ុនប៉ងធ្វើសកម្មភាពនៅក្នុងទឹកដីខេត្តព្រះសីហនុ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ឹម ភ័ក្ត្រា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងក្រុមទី២៣ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកអ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ពីបទអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅចំណុចភូមិស្ទឹង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ សមត្ថកិច្ចខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យខាងលើទៅឱ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីយកទៅចាត់ការបន្តតាមនិតិវិធី៕