ខេត្តស្វាយរៀង ៖ បន្ទាប់ពីកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របើកជ្រុលចង្កូតធ្លាក់ចូលទឹកទន្លេវ៉ៃកូរ កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ពានទន្លេវ៉ៃកូរ ក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង រួចមក នៅព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក៏មានគេប្រទះឃើញសាកសពបុរសជាតៃកុងរថយន្ត អណ្តែតទឹកមកទើរជាប់នឹងកញ្ឆែត នៅត្រង់ចំណុចក្បាលស្ពានខាងកើត ឆៀងខាងជើង ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

សាកសពជនរងគ្រោះដែលត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេវ៉ៃកូរ នេះ មានឈ្មោះហួត កំណត់ មុខរបរបើកបររថយន្តកុងតឺន័រ មានលំនៅភូមិសន្សំកុំសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សាកសពបុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ពិតជាតៃកុងរថយន្តកុងទីន័រដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ប្រាកដមែន ពីព្រោះបុរសម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃកើតហេតុនោះជាព្រូរថយន្ត។ ចំណែកខាងតំណាងក្រុមហ៊ុនរថយន្តកុងតឺន័រ ក៏បានបញ្ជាក់ប្រាប់ដែរថា ពួកគាត់មិនអាចទាក់ទងទៅតៃកុងដែលបើកបររថយន្តបង្កគ្រោះថ្នាក់នោះបានទេ។

ក្រោយពីស្រង់សាកសពឡើងមកលើគោកពិនិត្យ សមត្ថកិច្ចបានរកឃើញកាបូបដៃក្នុងហោប៉ៅសព ដែលកាន់អត្តសញ្ញាណប័ណ្ណ មានឈ្មោះហួត កំណំត់ ភេទប្រុស មានទីលំនៅភូមិសន្សំកុំសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេំញ។ លុះពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងខាងតំណាងក្រុមហ៊ុនរថយន្តកុងតឺន័ររួចមក ទើបដឹងច្បាស់ថា សាកសពពិតជាតៃកុងរថយន្តកុងតីន័រ ដែលជួបចរាចរណ៍កាលពីថ្ងៃទី២០ សីហា ប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅលើស្ពានទន្លេវៃកូរ ក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ដោយបុរសម្នាក់បានទុកម៉ូតូលើចិញ្ចើមផ្លូវ ហើយចុះទៅស្ទួចត្រីនៅខាងក្រោមស្ពានហាយវ៉េ ទន្លេវ៉ៃកូរ បានមួយសន្ទុះ ស្រាប់តែមានរថយន្តកុងតឺន័រទំនងអ្នកបើកងងុយដេក រេចង្កូតមកខាងឆ្វេងដៃ បុកម៉ូតូអូសធ្លាក់ចូលទឹកតែម្តង សំណាងមនុស្សមិនរងគ្រោះថ្នាក់។

យោងតាមលោកប្រាក់ ជុត អធិការនគរបាលក្រុងស្វាយរៀង បានបញ្ជាក់ប្រាប់ថា បុរសជាម្ចាស់ម៉ូតូពិតជាសំណាងហើយ មិនមានរងគ្រោះថ្នាក់អ្វីនោះទេ ចំណែកម៉ូតូដែលត្រូវរថយន្តបុកអូសធ្លាក់ទឹក ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ។

តាមសាក្សីបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាកូនមន្ត្រីនគរបាល បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ហើយក៏បានឈប់ចតនៅខាងក្រោមស្ពាន គោលបំណងចុះទៅស្ទួចត្រីបានប្រមាណកន្លះម៉ោង ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ ស្រាប់តែបើកជិតដល់លើស្ពានហាយវ៉េ ទន្លេវ៉ៃកូរ ទំនងជាងងុយដេករេចង្កូតមកខាងឆ្វេងដៃបើកបុកម៉ូតូ ដែលម្ចាស់ចតស្ងៀមអូសធ្លាក់ចូលទឹកទាំងម៉ូតូ និងរថយន្តបង្កការភ្ញាក់ផ្អើលតែម្តង៕
