លោក Wei Fenghe នាយករដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានកោតសរសើរពីទំនាក់ទំនងជាមួយប្រទេសឥណ្ឌា នៅក្នុងអំឡុងពេលដែលលោកទៅបំពេញទស្សនកិច្ចជួបជាមួយលោកមូឌី នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃពុធ ទី22 ខែសីហា ឆ្នាំ2018។
ដំណើរទស្សនកិច្ចរបស់លោកមូឌី មកកាន់ប្រទេសចិន គឺក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំទៅថ្ងៃអនាគត។ កាលពីខែមេសា ឆ្នាំ2018 លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោកមូឌី បានយល់ព្រមគ្នាបង្កើតធម្មនុញ្ញថ្មីមួយ ក្នុងការរឹតចំណងទ្វេភាគីរវាងប្រទេសទាំងពីរ។ ជំនួបគ្នានេះបានធ្វើឡើង ក្រោយពីមានការប៉ះទង្គិចគ្នាតិចតួចនៅតាមតំបន់ព្រំដែនខ្ពង់រាប ភ្នំហិម៉ាឡៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានប្រាប់ឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់លោកមូឌី វានឹងជួយធ្វើឱ្យមានការផ្លាស់ប្តូរសន្តិសុខស៊ីជម្រៅ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងជួយការពារសន្តិភាពនៅតាមបណ្តោយព្រំដែន។
ជាមួយគ្នានោះដែរ Wei ក៏មានគម្រោងទៅជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា គឺលោក Nirmala Sithraman ដើម្បីពិភាក្សាគ្នាបន្ថែមទៀត នៅតំបន់ព្រំដែន ដែលកំពុងមានជម្លោះ។
កាលពីឆ្នាំ2017 ទាហានរាប់រយនាក់របស់ប្រទេសទាំងពីរ ត្រូវបានគេយកទៅដាក់ពង្រាយនៅតាមបណ្តោយព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅពេលដែលចិន ព្យាយាមសាងសង់ផ្លូវនៅជិតភ្នំហិម៉ាឡៃ ខណៈដែលឥណ្ឌា អះអាងថា ជាបូរណភាពទឹកដីរបស់ខ្លួន៕