កាលពីថ្ងៃពុធ ទី22 ខែសីហា ឆ្នាំ2018 ប្រទេសអ៊ីរ៉ង់ បានបង្ហាញផលិតផលសព្វាវុធយន្តហោះចម្បាំងថ្មី ផលិតក្នុងស្រុករបស់ខ្លួនទៅដល់ពិភពលោក។
នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី22 ខែសីហា ឆ្នាំ2018។
ប្រភពព័ត៌មានពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចាក់ផ្សាយយន្តហោះចម្បាំងស៊េរីថ្មី ផលិតក្នុងស្រុក ដែលលោកប្រធានាធិបតីហាសាន់ រ៉ូហានី អង្គុយបើក។ យន្តហោះចម្បាំងថ្មីនេះ នឹងត្រូវយកទៅដាក់បង្ហាញដល់សាធារណរដ្ឋជន មួយថ្ងៃមុនពិធីប្រិរាឰទិវាឧស្សាហកម្មវិស័យការពារជាតិប្រទេសអ៊ីរ៉ង់។
នៅក្នុងឱកាសថ្លែងទៅកាន់យោធា លោករ៉ូហានី បានអំពាវនាវឱ្យកងកម្លាំងយោធាអ៊ីរ៉ង់ ពង្រឹងនឹងត្រៀមខ្លួន ប្រឈមមុខជាមួយនិងការគំរាមកំហែងរបស់សត្រូវ ដែលត្រូវបានគេដឹងថា សំដៅទៅរកសហរដ្ឋអាមេរិក។
លោករ៉ូហានី បានបន្តទៀតថា នៅពេលដែលយើងនិយាយថា យើងត្រៀមខ្លួនសម្រាប់វិស័យការពារជាតិនោះ វាមានន័យថា យើងកំពុងតែស្វែងរកការបង្កើតឱ្យមានសន្តិភាពយូរអង្វែង។
នេះមិនមែនជាលើកទី១ទេ ដែលប្រទេសអ៊ីរ៉ង់ បានបង្ហាញផលិតផលយន្តហោះចម្បាំងទំនើបរបស់ខ្លួន ទៅកាន់ពិភពលោក។
គេនៅចាំបានថា កាលពីឆ្នាំ2013 ប្រទេសនេះក៏បានដាក់បង្ហាញយន្តហោះចម្បាំង ប្រភេទ Qaha-313 ម្តងរួចមកហើយ។ យន្តហោះចម្បាំងប្រភេទនេះ អាចមានសមត្ថភាពដូចយន្តហោះចម្បាំងអាមេរិក ប្រភេទ F-22 និង F-35៕