យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីនៅថ្ងៃពុធនេះ បានឱ្យដឹងថា រញ្ជួយដីកម្រិត7.3រ៉ិចទ័រ បានវាយប្រហារប្រទេសវេណេស៊ុយអេឡា ធ្វើឱ្យប្រជាជនមានការជ្រួលច្របល់ បើទោះជារញ្ជួយដីនេះ មិនបណ្តាលឱ្យមានការខូចខាតអគារ ឬក៏ប៉ះពាល់ដល់ជីវិតមនុស្សក៏ដោយ។
ក្រោយការរញ្ជួយដី ពុំមានការព្រមានពីរលកស៊ូណាមិនោះទេ។ រញ្ជួយដីនេះ បានកើតឡើងនៅក្នុងជម្រៅជាង12គីឡូម៉ែត្រ នៅឆ្នេរសមុទ្រនៃរដ្ឋ SUCRE។
យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Nesto បានថ្លែងថា រហូតមកដល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះ និងការខូចខាតណាមួយនៅឡើយទេ ប៉ុន្តែ វាបានធ្វើឱ្យមានការភ័យតក់ស្លុត ដ៏ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ ។
គួររំលឹកថា វេណេស៊ុយអេឡា ធ្លាប់ទទួលរងគ្រោះធម្មជាតិរញ្ជួយដីធំៗ ចំនួន2លើក។ លើកទី1 នៅឆ្នាំ1967 ដែលបានសម្លាប់មនុស្សជាង200នាក់ និងលើកទី2 នៅឆ្នាំ1997 ក៏បានសម្លាប់មនុស្សជិត100នាក់ដែរ៕