ខេត្តកណ្តាល ៖ ក្មេងស្ទាវមួយក្រុម កំពុងអង្គុយលេងជុំគ្នាសុខៗ ក៏ស្រាប់តែត្រូវយុវជនម្នាក់ជិះម៉ូតូមកដល់ទាញដុំថ្ម១ដុំគប់ រួចជិះម៉ូតូរត់គេច ធ្វើឱ្យក្រុមក្មេងស្ទាវខឹង ក៏ជិះម៉ូតូប្រដេញតាមពីក្រោយ រហូតទាន់ក៏បំបុកម៉ូតូយុវជនរូបនោះ បណ្តាលឱ្យដួលរងរបួសធ្ងន់ ហើយក៏នាំគ្នាចុះព្រួតវាយបន្ថែមទៀត ធ្វើឱ្យយុវជនរូបនោះមានរបួសកាន់តែធ្ងន់ឡើង លុះក្រុមគ្រួសារដឹកបញ្ជូនដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកក្រុមជនដៃដល់ចំនួន៤នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ករណីក្មេងស្ទាវជិះម៉ូតូបំបុកយុវជនម្នាក់ រួចព្រួតវាយរហូតដល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យុវជនរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវព្រួតវាយដល់ស្លាប់ មានឈ្មោះប៉ែន រិទ្ធារាជ្យ អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (រងរបួសបាក់ធ្មេញ១ និងរយះបបូរមាត់) និងបានដាច់ខ្យល់ស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកក្រុមជនដៃដល់ មានគ្នា៤នាក់ រួមមាន ទី១-ឈ្មោះស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ មានលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ទី២-ឈ្មោះលាស់ ខរី ភេទប្រុស អាយុ១៨ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ទី០៣-ឈ្មោះអាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ មានលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ និងទី០៤-ឈ្មោះម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្រុមជនសង្ស័យកំពុងតែអង្គុយលេងលើម៉ូតូ នៅចំណុចអ្នកតាថៃជឺ មាត់ទន្លេ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល 1V-1797 មកដល់ ក៏យកដុំថ្មគប់ទៅលើក្រុមជនសង្ស័យ ភ្លាមនោះក្រុមជនសង្ស័យដែលមានគ្នា៤នាក់ ក៏ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកណ្តាល 1S-6729 ប្រដេញតាមពីចំណុចលោកតាចិន ថៃជឺ ឡើងទៅរង្វង់មូលព្រះនរាយណ៍ រហូតដល់រង្វង់មូលលោកតាម៉ៅ ក៏តាមទាន់ ទើបក្រុមជនសង្ស័យបានជិះម៉ូតូបំបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឱ្យដួលម៉ូតូទាំងពីរ ដោយក្នុងនោះ ជនរងគ្រោះបានដួលបោកទៅនឹងខឿនរង្វង់មូលតាខ្មៅ ធ្វើឱ្យរងរបួសបាក់ធ្មេញ និងរយះបបូរមាត់ បន្ទាប់មកបក្ខពួកក្រុមជនសង្ស័យបានក្រោក មកព្រួតគ្នាវាយទាត់ធាក់ទៅលើជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យជនរងគ្រោះរងរបួសកាន់តែធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ដោយសារជនរងគ្រោះរងរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក មិនអាចសង្គ្រោះបានក៏បានដាច់ខ្យល់ស្លាប់តែម្តង និងត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកកាន់លំនៅដ្ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ក្រុមជនដៃដល់ទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរនបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
