យោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសជំហរថា នឹងមិនទៅចូលរួមកិច្ចប្រជុំសន្តិភាពជាមួយពួកតាលីបង់ ដែលរៀបចំឡើងដោយម្ចាស់ផ្ទះរុស្ស៊ី។
ការសម្រេចចិត្តមិនទៅចូលរួមសន្និសីទស្តីអំពីសន្តិភាព នៅទីក្រុងមូស្គូ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីមន្ត្រីសន្តិសុខកំពូលរបស់អាហ្វហ្គានីស្ថាន បាននិយាយថា គាត់សង្ឃឹមថា រុស្ស៊ី និងគាបសង្កត់ពួកជីវពលតាលីបង់ ឱ្យទៅចូលរួមកិច្ចប្រជុំសន្តិភាពជាមួយរដ្ឋាភិបាលទីក្រុងកាបុល។
រុស្ស៊ី បានអញ្ជើញប្រទេសចំនួន១២ ដែលក្នុងនោះក៏មានសហរដ្ឋអាមេរិក ផងដែរ មកចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្តែ សហរដ្ឋអាមេរិក បានច្រានចោលសំណើនេះ។
ដោយឡែក ពួកសកម្មជនតាលីបង់ ដែលនៅក្នុងសប្តាហ៍នេះ បានច្រានចោលសំណើរបស់រដ្ឋាភិបាល សុំឱ្យមានការផ្អាកការបាញ់គ្នា រយៈពេល៣ខែ នៅក្នង្នុពិធីបុណ្យសាសនា បាននិយាយថា ពួកគេមិនទាន់ច្បាស់នៅឡើយ ថាតើនឹងមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ ឬក៏អត់នោះទេ?
ទាក់ទងទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយថា យើងសម្រេចចិត្តមិនទៅចូលរួមនៅក្នុងកិច្ចប្រជុំនេះ ពីព្រោះយើងចង់ឱ្យរដ្ឋាភិបាលរៀបចំកិច្ចប្រជុំផ្ទាល់ជាមួយពួកសកម្មប្រយុទ្ធតាលីបង់ ដោយមិនមានបរទេសចូលរួម។
ជាមួយគ្នានោះដែរ អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងកាបុល បានថ្លែងថា ប្រទេសរុស្ស៊ី គួរតែពិចារណាឡើងវិញពីគម្រោងកិច្ចប្រជុំជាមួយពួកតាលីបង់ នោះ។
រហូតមកដល់ពេលនេះ គេមិនអាចសុំការពន្យល់ពីស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងកាបុល បាននៅឡើយទេ តែទោះជាយ៉ាងណាក្តី កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrob បានថ្លែងប្រាប់បណ្តាញព័ត៌មានថា អ្នកតំណាងរបស់ពួកសកម្មយុទ្ធតាលីបង់ គ្រោងនឹងមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ៕