Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិចិន គ្រោងប្តឹងសហរដ្ឋអាមេរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក

ចិន គ្រោងប្តឹងសហរដ្ឋអាមេរិក ទៅអង្គការពាណិជ្ជកម្មពិភពលោក

បន្ទាប់ពីការដាក់ទណ្ឌកម្មដំឡើងពន្ធ២៥% ដំណាក់កាលទី២ ទៅលើប្រទេសចិន ចូលជាធរមាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ចិន បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលតែងតែប្រកាសដំឡើងពន្ធមកលើប្រទេសរបស់ខ្លួន។

នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិន នឹងវាយប្រហារទៅលើសហរដ្ឋអាមេរិក ជាមួយនឹងការយកពន្ធថ្មីបន្ថែមទៀតទៅលើមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក បន្ថែមពីនេះទៀត ចិន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក ថា រំលោភទៅលើច្បាប់ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម បានសរសេរថា ចិន នឹងដាក់បណ្តឹងប្រឆាំងទៅនឹងវិធានការដំណើរពន្ធរបស់សហរដ្ឋអាមេរិក ដោយផ្អែកទៅលើយន្តការដោះស្រាយជម្លោះរបស់អង្គការ WTO នេះ គឺជាបណ្តឹងលើកទី២ របស់ទីក្រុងប៉េកាំង ប្រឆាំងទៅនឹងអាមេរិក។ កាលពីលើកទី១ ធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៨។

នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះដែរ ចិន ក៏បានយកពន្ធទំនិញនាំចូលអាមេរិក ដែលមានទឹកប្រាក់១៦ពាន់លានដុល្លារ ដែលជាការសងសឹកចំពោះទង្វើសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក៏បានឱ្យដឹងដែរថា ទង្វើសហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធម្តងហើយម្តងទៀត មកលើមុខទំនិញចិន វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន តែមួយប៉ុណ្ណោះទេ វាអាចប៉ះពាល់ទៅដល់បណ្តាប្រទេសជាច្រើនទៀត នៅលើពិភពលោក។ ទំនិញជាច្រើនដែលដំឡើងនៅក្នុងប្រទេសចិន មានមកពីប្រទេសក្នុងសមាគមន៍អាស៊ាន ដូចជា ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, និងសិង្ហបុរី ជាដើម។

បើទោះជាប្រទេសទាំងពីរ គ្រោងនឹងជួប ប្រជុំពិភាក្សាគ្នា ដើម្បីរកច្រកចេញពាក់ព័ន្ធ ទៅនឹងសង្គ្រាមពាណិជ្ជកម្មនេះ ប៉ុន្តែ សហរដ្ឋ អាមេរិក នៅតែបន្តគំរាមកំហែងដំឡើងពន្ធ លើកទី៣ បន្ថែមទៀត ដែលមានទឹកប្រាក់សរុប ជិត២០០ពាន់លានដុល្លារ។

ជាការឆ្លើយតបទៅនឹងទង្វើរបស់សហរដ្ឋ អាមេរិក នេះ ចិន ក៏បានប្តេជ្ញាចិត្តរួចហើយ ថា នឹងដំឡើងពន្ធសងសឹកសហរដ្ឋអាមេរិក ទៅលើ មុខទំនិញ ដែលមានទឹកប្រាក់សរុប ៦០ពាន់លាន ដុល្លារ វិញដែរ៕

RELATED ARTICLES