Sunday, November 9, 2025
Homeព័ត៌មានជាតិទៅយកគោនៅវាលស្រែត្រឡប់មកផ្ទះវិញ បាញ់សម្លាប់ភ្លាមៗ ទាំង២នាក់

ទៅយកគោនៅវាលស្រែត្រឡប់មកផ្ទះវិញ បាញ់សម្លាប់ភ្លាមៗ ទាំង២នាក់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន៣នាក់ ឃើញមេឃធ្លាក់ភ្លៀងខ្លាំងលាយឡំនឹងផ្គររន្ទះផងនោះ ក៏ប្រញាប់ប្រញាល់នាំគ្នាទៅដឹកគោពីវាលស្រែខាងក្រោយភូមិ បំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ប្រហារបណ្តាលឱ្យស្លាប់២នាក់ នៅកណ្តាលវាលស្រែ ចំណែកម្នាក់ទៀត បានទទួលរងរបួសស្រាល។

ហេតុការណ៍បាតុភូតធម្មជាតិរន្ទះបាញ់មនុស្សស្លាបនិងរបួសនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងក្រោយភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ទី១-ឈ្មោះប៉ិល យោម ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះធន ថង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះដែលទទួលរងរបួសស្រាល មានឈ្មោះស្រី គីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រខាងលើ មានភ្លៀងមួយមេធំ បានធ្លាក់ចុះមកលាយឡំនឹងផ្គររន្ទះ ព្រមទាំងខ្យល់កន្ត្រាក់ផង។ ឃើញបែបនេះ ជនរងគ្រោះទាំង៣នាក់ខាងលើ បានប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅកាន់វាលស្រែខាងក្រោយភូមិ បំណងដឹកគោយកមកផ្ទះវិញ តែអកុលសល ខណៈដែលកំពុងដេញគោ ក៏កើតមានបាតុភូតធម្មជាតិរន្ទះបាញ់ បណ្តាលឱ្យចំជនរងគ្រោះឈ្មោះប៉ិល យោម និងឈ្មោះធន ថង ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកឈ្មោះស្រី គីម គ្រាន់តែទទួលរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍កញ្ជរ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ខាងលើ ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សាកសពជនរងគ្រោះទាំង២ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា បាតុភូតធម្មជាតិ ភ្លៀងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដែលបានបោកបក់គ្របដណ្តប់ទៅលើភូមិសាស្ត្រស្រុកកណ្តៀង ក្រៅពីបង្កឱ្យមនុស្សចំនួន២នាក់បានស្លាប់ និងម្នាក់រងរបួសស្រាល (ដោយសាររន្ទះបាញ់) ក៏បានបង្កឱ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ។

តាមការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន បាតុភូតខ្យល់កន្ត្រាក់ខាងលើនេះ បានធ្វើឱ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤ខ្នង បានដួលរលំ និងប៉ើងរបើកដំបូល ដោយក្នុងនោះ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង បានដួលរលំ។ ចំណែកលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នងទៀត ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង បនាទទួលរងការខូចខាតរបើកដំបូល៕

RELATED ARTICLES