លោក Scott Morrison អតីតរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ នឹងក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី ជំនួសតំណែងលោក Malcolm Tunbull នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ នេះបេយោងតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះ។
លោក Scott Morrison បានទទួលសំឡេងគាំទ្រលើសលុបក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស នៅថ្ងៃសុក្រនេះ ហើយនឹងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់អូស្ត្រាលី។
ជាមួយគ្នានេះដែរ អតីតរដ្ឋមន្ត្រីក្រសួងរតនាគារ រូបនេះ និងក្លាយជានាយករដ្ឋមន្ត្រីទី៦ នៅក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីទទួលបានសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតទាំង៣ដំណាក់កាល នាំមុខលោក Peter Dutton អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេស។
នៅក្នុងដំណើរការបោះឆ្នោត លោក Scott Morrison ទទួលបានសំឡេងគាំទ្រ៤៥ទល់នឹង៤០។ ការរកឃើញបេក្ខជននាយករដ្ឋមន្ត្រីថ្មីនេះ គឺជាការបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសអូស្ត្រាលី។
បក្សសេរីភាព ដែលជាបក្សធំជាងគេនៅក្នុងសម្ព័ន្ធភាពអភិរក្ស ជាបក្សដឹកនាំរដ្ឋាភិបាល បានធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្មានខែចុងក្រោយនេះ បើប្រៀបធៀបទៅនឹងបក្សប្រឆាំងពលករ។ ការបោះឆ្នោតថ្នាក់ជាតិ នៅប្រទេសអូស្ត្រាលី និងចាប់ផ្តើម ធ្វើនៅខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
លោក Turnbull បានក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលីទី៤ នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលត្រូវបានបណ្តេញចេញពីអំណាច៕