Sunday, November 9, 2025
Homeព័ត៌មានជាតិមិនទាន់បានឡើងផ្សារដំបូលផង ស្លាប់ទាំង២នាក់ គួរឲ្យអាណិតណាស់

មិនទាន់បានឡើងផ្សារដំបូលផង ស្លាប់ទាំង២នាក់ គួរឲ្យអាណិតណាស់

ខេត្តកំពង់ស្ពឺ ៖ បុរសជាជាងដែក២នាក់ បានដំឡើងរន្ទា ដើម្បីឡើងទៅរៀបចំផ្សារដំបូលផ្ទះ ស្រាប់តែខ្វះការប្រុងប្រយ័ត្នមិនបានមើលក្រោមឱ្យច្បាស់លាស់ ក៏ដាក់រន្ទាលើព្រីភ្លើង បណ្តាលឱ្យបែកឆ្លងចរន្តឆក់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងជំរៅ ឃុំទួលអំពិល ស្រុកបសេដ្ឋ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅនឹងកន្លែង មានឈ្មោះអ៊ូ សិត អាយុ២៤ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិកញ្ច្រប់ ឃុំព្រះនិពាន្ធ ស្រុកគងពិសី សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះវ៉ន លីម អាយុ៣៧ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិត្នោត១ ឃុំត្នោត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានមកផ្សារដំបូលផ្ទះឱ្យប្រជា ពលរដ្ឋក្នុងភូមិម្នាក់។ លុះមកដល់ ជនរងគ្រោះទាំង២នាក់ ក៏បាននាំគ្នាដំឡើងរន្ទា បំណងឡើងទៅលើដំបូលផ្ទះ លុះដំឡើងរន្ទារួចរាល់ ជនរងគ្រោះទាំង២ ក៏នាំគ្នាសែងរន្ទាបម្រុងឡើងទៅផ្សារនៅខាងលើដំបូល តែអកុសល ដោយសារតែអ្នកទាំងពីរខ្វះការប្រុងប្រយ័ត្ន ទើបលើករន្ទាដាក់ ពីលើព្រីភ្លើងបណ្តាលឱ្យបែកព្រីភ្លើងឆ្លងចរន្តឆក់អ្នកទាំងពីរភ្លាមៗ។

ក្រោយកើតហេតុ អ្នកជិតខាងបាននាំគ្នាជួយលើកយកជនរងគ្រោះឈ្មោះអ៊ូ សិត ទៅកប់ក្នុងដីខ្សាច់ដើម្បីសង្គ្រោះដែរ តែនៅមិនអាចជួយបានឡើយ។ ដោយឡែក ជនរងគ្រោះឈ្មោះវ៉ន លីម ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីសង្គ្រោះជីវិត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES