ខេត្តកំពង់ស្ពឺ ៖ បុរសចំណាស់ដែលលួចនំគេហូបចំនួន៤កញ្ចប់ លុះម្ចាស់តាមទាន់គំរាមប្តឹងដាក់គុក ស្រាប់តែច្រឡោតខឹងទាញកាំបិត ផ្គាក់កាប់ប្រហារប្តីប្រពន្ធអ្នកលក់ប៊ិះស្លាប់ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ បានសម្រេចចិត្តបោកក្បាលសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន បណ្តាលឱ្យបែកក្បាលស្លាប់បាត់ទៅហើយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ជនដៃដល់ដែលកាប់ប្តីប្រពន្ធ២នាក់ឱ្យរងរបួសធ្ងន់ ព្រោះតែខឹងរឿងគេគំរាមប្តឹងដាក់គុក និងបានសម្រេចចិត្តបោកក្បាលសម្លាប់ខ្លួន រហូតដល់ស្លាប់នេះ មានឈ្មោះយ៉ុង កេន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធរួមមានបុរសជាប្តី មានឈ្មោះសុខ ហុន អាយុ៣៨ឆ្នាំ (រងរបួសចំនួន៦កាំបិត) រីឯស្ត្រីជាប្រពន្ឋឈ្មោះញ៉ញ យីម អាយុ៤២ឆ្នាំ។ ទាំង ២នាក់ប្តីប្រពន្ធខាងលើ ប្រកបរបរលក់ចាប់ហួយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

គួររំលឹកថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើង នៅចំណុចផ្ទះ លក់ចាប់ហួយមួយកន្លែង ស្ថិតិក្នុងភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយបុរសចំណាស់ម្នាក់ ព្រោះតែជីវភាពទ័លក្រខ្លាំងពេក ក៏ដាច់ចិត្ត ទៅលួចនំពីតូបលក់ចាប់ហួយចំនួន៤កញ្ចប់ហូប លុះចៃដន្យអ្នកលក់តាមទាន់ ក៏គំរាមថា នឹងប្តឹងដាក់គុក ទើបធ្វើឱ្យបុរសចំណាស់រូបនោះផ្ទុះកំហឹង ទាញកាំបិតផ្គាក់ មកកាប់ប្រហារ២នាក់ប្តីប្រពន្ធជាអ្នកលក់បំណងសម្លាប់ចោលតែម្តង បង្កឱ្យបុរសជាប្តីរងរបួស៦កាំបិតសុសពេញខ្លួន ចំណែកស្ត្រីជាប្រពន្ធរងរបួសត្រង់ ក្បាលជាច្រើនកាំបិត ស្ទើរស្លាប់ស្ទើររស់ទាំង២នាក់ប្តីប្រពន្ធ៕
