ខេត្តមណ្ឌលគិរី ៖ បុរសជាកម្មករចៀរជ័រកៅស៊ូ២នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពេលស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះ ភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញពន្លាកសម្រាប់ចៀរជ័រកៅស៊ូ ចាក់ប្រហារគូទំនាស់ចំបំពង់ក បណ្តាលឱ្យរងរបួសធ្ងន់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។ លុះចាក់ប្រហារជនរងគ្រោះរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល រហូតដល់វេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ចាប់ឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈុំ ភា អាយុ៣១ឆ្នាំ មុខរបរជាកម្មករចៀរជ័រកៅស៊ូ ធ្វើការនិងស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិជ័យពក ឃុំជ័យពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះស៊ុំ ងឿន អាយុ២៥ឆ្នាំ មុខរបរកម្មករចៀរជ័រកៅស៊ូ ធ្វើការនិងស្នាក់នៅជាមួយជនសង្ស័យ និងមានស្រុកកំណើតនៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តតាមនីតិវិធី៕
