តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបាល់ទាត់បារំាង Paris SG កំពុងតាមប្រមាញ់កីឡាករបម្រើ Christian Eriksen ពីក្លឹបបាល់ទាត់មាន់ខ្នាយមាស Tottenham ។
កីឡាករខ្សែបម្រើរូបនេះ ស្ថិតនៅក្នុងរ៉ាដានៃការតាមប្រមាញ់របស់ក្លឹប Real Madrid និង Barcelona គ្រប់រដូវកាល ប៉ុន្តែមិនអាចនាំយកកីឡាកររូបនេះ ចេញពីទឹកដីអង់គ្លេស បាន ឥឡូវនេះដល់វេនក្លឹបយក្សនៅបារាំង Paris SG ម្តង ដែលទំនងជាទទួលបានជោគជ័យ។
Paris SG នឹងធ្វើការសម្រេចចិត្តច្បាស់លាស់ ក្នុងការតាមប្រមាញ់យកកីឡាករ Eriksen ប្រសិនបើសំណើសុំទិញកីឡាករ Ivan Rakitic ពីក្លឹប Barcelona បរាជ័យ។
ក្លឹបបាល់ទាត់បារាំង ចង់បានកីឡាកររូបនេះ មុនពេលបិទបញ្ចប់រដូវកាលដោះដូរនៅថ្ងៃសុក្រ នេះ។
កីឡាករសញ្ជាតិដាណឺម៉ាក នៅសល់កុងត្រា២ឆ្នាំទៀត ជាមួយក្លឹប Tottenham ហើយមិនទាន់ទទួលបានកុងត្រាថ្មីនៅឡើយទេ។
ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីក្លឹប Tottenham នៅឡើយទេ៕