យោងតាមប្រភពព័ត៌មានពី AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា តុលាការមីយ៉ាន់ម៉ា បានពន្យារពេលកាត់ក្តីទៅលើសំណុំរឿងរបស់អ្នកកាសែត Reuter ២នាក់ ដែលជាប់ពាក់ព័ន្ធពីបទលួចបញ្ចោញព័ត៌មានសម្ងាត់រដ្ឋាភិបាល ទៅឱ្យរដ្ឋបរទេស។
លោកចៅក្រម Khin Maung បានថ្លែងថា ការប្រកាសសាលក្រមរបស់ជនជាប់ចោទទាំងពីរ នឹងត្រូវលើកពេលទៅធ្វើនៅថ្ងៃទីិ០៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ មូលហេតុចៅក្រមមួយរូបអវត្តមាន ដោយសារមានជំងឺ។
លោក Kyaw Soe Oo និងលោក Wa Lone ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពួកគេទាំងពីរនាក់ បានរាយការណ៍ព័ត៌មានពីការសម្លាប់រង្គាលជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា នៅក្នុងខេត្តរ៉ាក់ឃីន។
អ្នកទាំងពីរអាចនឹងត្រូវជាប់គុករយៈពេល១៤ឆ្នាំ ប្រសិនបើរកឃើញថា រំលោភទៅនឹងច្បាប់ លួចបញ្ចោញព័ត៌មានរដ្ឋាភិបាល ទៅឱ្យរដ្ឋបរទេស ដែលច្បាប់នេះ បន្សល់តាំងពីសម័យអាណានិគម។
ក្រោយអ្នកទាំងពីរត្រូវបានចាប់ខ្លួន អង្គការលើកលែងទោសអន្តរជាតិ និងអង្គការសិទ្ធិមនុស្សជាច្រើន បានថ្កោលទោសទៅលើរដ្ឋាភិបាលភូមា៕