យោងតាមលោក Attau llah Khogyani អ្នកនាំពាក្យប្រចាំខេត្ត Nangarhar បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា លោក Abu Sayed Orakzai មេដឹកនាំក្រុមរដ្ឋអ៊ិស្លាម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមនឹងសហសេវឹករបស់លោកចំនួន១០នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត នៅក្នុងអំឡុងពេលវាយប្រហារ ដោយទ័ពអាកាសសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្ន្នាំ២០១៨។
អ្នកនាំពាក្យដដែលនោះ បានឱ្យដឹងទៀតថា ការវាយប្រហារតាមអាកាស ដោយដឹកនាំដោយកងទ័ពអាហ្វហ្គានីស្ថាន និងកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិក ពិតជាធ្វើឱ្យពួករដ្ឋអ៊ិស្លាម ស្លាប់បាត់បង់ជីវិតជាង១០នាក់ និងរងរបួសមួយចំនួនទៀត។
ដោយឡែក លោកឧត្តមសេនីយ៍ Martin អ្នកនាំពាក្យកម្លាំងចម្រុះសហរដ្ឋអាមេរិក-អាហ្វហ្គានីស្ថាន បានអះអាងថា កម្លាំងចម្រុះ បានបើកប្រតិបត្តិការវាយប្រហារតាមអាកាស ដោយផ្តោតអារម្មណ៍ទៅលើមេដឹកនាំសំខាន់ៗរបស់ពួក ISIS នៅក្នុងប្រទេសនោះ។
ពួកសកម្មយុទ្ធរដ្ឋអ៊ិស្លាម បានបាត់បង់ទីតាំងឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ហើយមកសម្ងំលាក់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទោះជាយ៉ាងណាក្តី គេមិនទាន់ឃើញមានប្រតិកម្មបែបណា ពីពួក ISIS ទាក់ទងទៅនឹងការអះអាងរបស់សហរដ្ឋអាមេរិក៕