ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតបារាំង ជាច្រើននាក់ កាលពីថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ លោកម៉ានូអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងដោយធ្ងន់ៗថា បណ្តាប្រទេសទាំងឡាយណាដែលគាំទ្ររបបលោកអាសាដ ប្រធានាធិបតីស៊ីរី គឺជាកំហុសមួយដ៏ធំនិងអាក្រក់បំផុត។
ជាមួយគ្នានោះដែរ លោកក៏បានថ្លែងដែរថា ប្រទេសបារាំង បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការវាយប្រហារតាមអាកាសទៅលើប្រទេសស៊ីរី ដែលជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា ប្រទេសស៊ីរី បានប្រើប្រាស់អាវុធគីមី សម្លាប់ប្រជាពលរដ្ឋរបស់ខ្លួន។
ការលើកឡើងរបស់ប្រធានាធិបតីវ័យក្មេងរូបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើការចោទប្រកាន់មកលើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ថាកំពុងត្រៀមខ្លួនបើកកាប្រយុទ្ធតាមដែនអាកាសសាជាថ្មីឡើងវិញ ប្រឆាំងទៅនឹងប្រទេសស៊ីរី។
លោកម៉ាក្រុង បាននិយាយដែរថា លោកមានការព្រួយបារម្ភ ចំពោះវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងនៅក្នុងខេត្ត Idlib ប្រទេសស៊ីរី។
ទាក់ទងទៅនឹងការលើកឡើងរបស់ប្រធានាធិបតីរូបនេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីរបបលោកអាសាដ នៅឡើយទេ។ ទោះជាយ៉ាងណាក្តី កាលពីថ្ងៃចន្ទ នេះ គេឃើញរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសស៊ីរី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចសហប្រតិបត្តិការយោធា។
នៅក្នុងកិច្ចពិភាក្សានោះ គេមិនប្រាប់ឱ្យដឹងលម្អិតថា ប្រទេសទាំងពីរ និងធ្វើសហប្រតិបត្តិការទៅលើផ្នែកអ្វីខ្លះនោះទេ ដោយគ្រាន់តែដឹងថា បច្ចុប្បន្នទាហានអ៊ីរ៉ង់ ជាច្រើនកំពុងតែប្រឈរជើងនៅប្រទេសស៊ីរី។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោក John Bolton បានទទូចឱ្យប្រទសអ៊ីរ៉ង់ ដកកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី៕