កាលពីថ្ងៃទី28 ខែសីហា ឆ្នាំ2018 រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuter ថា កូរ៉េខាងជើង នៅតែជាប្រទេសមួយដែលគំរាមកំហែងសន្តិសុខមកលើប្រទេសជប៉ុន បើទោះជាប្រទេសនេះបានបញ្ឈប់ការធ្វើតេស្តមីស៊ីលឆ្លងទ្វីប ដែលបានសន្យាដោយប្រមុខដឹកនាំលោកគីម ជុងអ៊ុន ថានឹងរំលាយអាវុធនុយក្លេអ៊ែរ ដើម្បីបន្ធូរបន្ថយភាពតានតឹងសន្តិសុខនៅក្នុងឧបទ្វីបកូរ៉េ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបន្តទៀតថា យើងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពយោធាសម្ងាត់របស់ប្រទេសកូរ៉េខាងជើង។
ជាមួយគ្នានេះដែរ លោកស៊ីនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានសម្តែងក្តីបារម្ភស្រដៀងគ្នាទៅនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយលើកឡើងថា បើទោះជាកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន កាលពីថ្ងៃទី12 ខែមិថុនា នៅប្រទេសសិង្ហបុរី ក្តី ប៉ុន្តែសកម្មភាពយោធារបស់ប្រទេសនេះ នៅតែបង្ហាញការគំរាមកំហែងមកដល់ប្រទេសជិតខាងដដែល។
ការសម្តែងក្តីបារម្ភរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងស៊ីនស៊ូ អាបេ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានលុបចោលដំណើរបំពេញទស្សនកិច្ចរបស់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស មកកាន់ទឹកដីកូរ៉េខាងជើង ដើម្បីពិនិត្យមើលភាពរីកចម្រើន និងការអនុវត្តន៍ទៅលើកិច្ចព្រមព្រៀង 12មិថុនា៕