Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង ខកចិត្ត ប្រកាសលាលែងតំណែង

រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង ខកចិត្ត ប្រកាសលាលែងតំណែង

កាលពីថ្ងៃអង្គារ ទី28 ខែសីហា ឆ្នាំ2018 នៅក្នុងកិច្ចសម្ភាសន៍តាមវិទ្យុ ផ្សាយបន្តផ្ទាល់ លោក Nicolas Hulot រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំង បានប្រកាសលាលែងចេញពីតំណែងនៅក្រោមហេតុផលថា រដ្ឋាភិបាលបារាំង មិនសូវបានគិតគូរទៅលើបញ្ហាបរិស្ថាន ជាពិសេស ការបម្រែបម្រួលអាកាសធាតុ។

នេះបើយោងតាមប្រភពព័ត៌មានពី CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី28 ខែសីហា ឆ្នាំ2018។

លោកម៉ាក្រុង និង លោក Nicolas Hulot

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា លោក Nicolas Hulot  អតីតគឺជាពិធីករទូរទស្សន៍  និងសកម្មជនការពារបរិស្ថាន គឺជាបុគ្គលម្នាក់ដែលមានប្រជាប្រិយភាពបំផុតផ្នែកបរិស្ថាន  នៅក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី ម៉ាណូអ៊ែល ម៉ាក្រុង។

ក្រោយឡើងកាន់តំណែងប្រធានាធិបតីបារាំង លោកម៉ាក្រុង បានជ្រើសរើសយកលោក Nicolas Hulot ធ្វើជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន រូបនេះ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា “នេះគឺជាការសម្រេចចិត្តយ៉ាងពិបាកនៅក្នុងជីវិតរបស់ខ្ញុំ ដោយសារតែក្រសួងបរិស្ថាន វាហាក់ដូចជាផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់ខ្ញុំទៅហើយ”។

លោក Nicolas បានបញ្ជាក់មូលហេតុច្បាស់លាស់ ដែលនាំឱ្យលោកសម្រេចចិត្តបោះបង់ចោលតំណែងរដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ថា លោកខកចិត្តយ៉ាងខ្លាំងចំពោះការមិនយកចិត្តទុកដាក់ទៅលើគោលនយោបាយបម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគ្មានស្តង់ដារ និងការការពារជីវៈចម្រុះ ព្រមទាំងការគំរាមកំហែងមកលើបរិស្ថានផ្សេងៗទៀត។

ទោះជាយ៉ាងណា លោកមិនទាន់បានធ្វើលិខិតលាលែងជាផ្លូវការដាក់ជូនទៅប្រធានាធិបតីម៉ាក្រុង នៅឡើយទេ។

ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តចុះចេញពីតំណែងស្ថាប័នដ៏សំខាន់មួយនេះ៕

RELATED ARTICLES