Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិតុលាការមីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែត Reuters 2នាក់ ជាប់ពន្ធនាគារ7ឆ្នាំ

តុលាការមីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែត Reuters 2នាក់ ជាប់ពន្ធនាគារ7ឆ្នាំ

ទីបំផុត តុលាការមីយ៉ាន់ម៉ា បានសម្រេចកាត់ទោសអ្នកកាសែត Reuters 2នាក់ ឱ្យជាប់ពន្ធនាគារ ចំនួន7ឆ្នាំ ពីបទលួចបញ្ចោញព័ត៌មានសម្ងាត់ទៅឱ្យរដ្ឋបរទេស ក្នុងអំឡុងពេលដែលពួកគេសរសេរព័ត៌មានស្តីអំពីការសម្លាប់រង្គាលជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅខេត្តរ៉ាក់ឃីន។

នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី03 ខែកញ្ញា ឆ្នាំ2018។

លោក Wa Lone អាយុ32ឆ្នាំ និងលោក Kyaw Soe Oo វ័យ28ឆ្នាំ អ្នកកាសែត​ Reuters ត្រូវបានចៅក្រមនៅភាគខាងជើងទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា ប្រកាសសាលក្រមឱ្យពួកគេទាំងពីរនាក់ ជាប់ពន្ធនាគាររយៈពេល7ឆ្នាំ។

ចៅក្រមរូបនោះ បានប្រកាសថា ជនជាប់ចោទទាំងពីរ ត្រូវទទួលទោសទៅតាមច្បាប់ 3.1.ជ  ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយម ដែលបានចែងពីការលួចបញ្ចោញព័ត៌មានទៅឱ្យរដ្ឋបរទេស ប៉ុន្តែ ពួកគេអាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ និងប្តឹងទៅតុលាការកំពូល។

ទាក់ទងទៅនឹងការសម្រេចចិត្តនេះ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការលើកលែងទោសអន្តរជាតិ បានថ្កោលទោសចំពោះការអនុវត្តច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដោយពួកគេបាននិយាយថា “ថ្ងៃនេះ គឺជាថ្ងៃ ដ៏ក្រៀមក្រំសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានរំលោភសិទ្ធិអ្នកសារព័ត៌មាន”។

គួររំលឹកថា អ្នកយកព័ត៌មានឱ្យកាសែត Reuters ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ2017 បន្ទាប់ពីរដ្ឋាភិបាលភូមា រកឃើញថា ពួកគេទាំងពីរបានលួចបញ្ចោញព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលទៅឱ្យរដ្ឋប្រទេស៕

RELATED ARTICLES