ទីបំផុត តុលាការមីយ៉ាន់ម៉ា បានសម្រេចកាត់ទោសអ្នកកាសែត Reuters 2នាក់ ឱ្យជាប់ពន្ធនាគារ ចំនួន7ឆ្នាំ ពីបទលួចបញ្ចោញព័ត៌មានសម្ងាត់ទៅឱ្យរដ្ឋបរទេស ក្នុងអំឡុងពេលដែលពួកគេសរសេរព័ត៌មានស្តីអំពីការសម្លាប់រង្គាលជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅខេត្តរ៉ាក់ឃីន។
នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី03 ខែកញ្ញា ឆ្នាំ2018។
លោក Wa Lone អាយុ32ឆ្នាំ និងលោក Kyaw Soe Oo វ័យ28ឆ្នាំ អ្នកកាសែត Reuters ត្រូវបានចៅក្រមនៅភាគខាងជើងទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា ប្រកាសសាលក្រមឱ្យពួកគេទាំងពីរនាក់ ជាប់ពន្ធនាគាររយៈពេល7ឆ្នាំ។
ចៅក្រមរូបនោះ បានប្រកាសថា ជនជាប់ចោទទាំងពីរ ត្រូវទទួលទោសទៅតាមច្បាប់ 3.1.ជ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយម ដែលបានចែងពីការលួចបញ្ចោញព័ត៌មានទៅឱ្យរដ្ឋបរទេស ប៉ុន្តែ ពួកគេអាចប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ និងប្តឹងទៅតុលាការកំពូល។
ទាក់ទងទៅនឹងការសម្រេចចិត្តនេះ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការលើកលែងទោសអន្តរជាតិ បានថ្កោលទោសចំពោះការអនុវត្តច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដោយពួកគេបាននិយាយថា “ថ្ងៃនេះ គឺជាថ្ងៃ ដ៏ក្រៀមក្រំសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានរំលោភសិទ្ធិអ្នកសារព័ត៌មាន”។
គួររំលឹកថា អ្នកយកព័ត៌មានឱ្យកាសែត Reuters ទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ2017 បន្ទាប់ពីរដ្ឋាភិបាលភូមា រកឃើញថា ពួកគេទាំងពីរបានលួចបញ្ចោញព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលទៅឱ្យរដ្ឋប្រទេស៕