ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងឃ្លាំងពោត ស្ថិតក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះរៀម តុង អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើកឡាន ឱ្យរោងម៉ាស៊ីនកិនស្រូវ និងស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ។
តាមសម្តីបុរសឈ្មោះយ៉ែម សម្បត្តិ ហៅខុន អាយុ៣៦ឆ្នាំ ជាមិត្តភក្តិរួមការងារជាមួយជនរងគ្រោះ និងដេកនៅគ្រែក្បែរគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានឃើញជនរងគ្រោះជិះម៉ូតូចេញពីឃ្លាំង ទៅទិញបបរ យកមកហូបនៅក្នុងបន្ទប់ ចំណែកគាត់ក៏បានចេញទៅធ្វើការបាត់ទៅ។ លុះមកដល់វេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃដដែល ខណៈដែលគាត់ ចេញពីធ្វើការ ដើរមកដល់ក្នុងឃ្លាំងហើយដើរចូលកន្លែងគ្រែដេក ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យ បានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែលួសហ្វ្រាំងកង់ ចងកភ្ជាប់នឹងរនងដែកក្នុងបន្ទប់ បណ្តាលឱ្យស្លាប់តែម្តង៕