ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ ពាក់អាវដដែលៗ (ពាក់អាវមិនដែលឃើញដោះ) ដោយថ្ងៃលួច ក៏ពាក់អាវរងា ដៃវែង ពណ៌ខ្មៅ មានអក្សរពណ៌ក្រហម «ASTROWORLD» លុះដល់ថ្ងៃដែលត្រូវសម ត្ថកិច្ចចាប់ឃាត់ខ្លួន បានក៏ពាក់អាវដដែល ហើយអ្វីដែលកាន់តែហួសចិត្តបំផុតនោះ គឺក្រោយពីលួចម៉ូតូបានសម្រេច ជនសង្ស័យបានឆាតទៅលក់ម៉ូតូ ឱ្យអ្នករកស៊ីទិញលក់ម៉ូតូម្នាក់ ដែលជាម្ចាស់ម៉ូតូនោះទៀត ទើបបុ រសជាម្ចាស់ម៉ូតូ បានណាត់ជួប មើលម៉ូតូ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ចុះចាប់វាយខ្នោះតែម្តង។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិក្តីចាស់ ទល់មុខបុរី ឌឹផ្លរ៉ា តាមបណ្តោយផ្លូវជាតិលេខ 6A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យបាន ក្រោយពីជនសង្ស័យ ឆាតទៅលក់ម៉ូតូ ប៉ះចំម្ចាស់ម៉ូតូ។ម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AH-3225។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បុរសជាម្ចាស់ម៉ូតូ បានបង្ហោះរូបភាពក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញពីសកម្មភាពចាប់ឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូ ដោយភ្ជាប់ជាមួយសំណេរថា “ចោរដែលលួចម៉ូតូផ្ទះខ្ញុំ ឥឡូវនេះចាប់បានវិញហើយបងប្អូន។ ថ្ងៃលួច ក៏ពាក់អាវហ្នឹង ចាប់បាន ក៏ពាក់អាវហ្នឹង។ សំខាន់គាត់ហៅខ្ញុំទិញម៉ូតូ ទាំងមិនដឹងថា ខ្ញុំជាម្ចាស់ម៉ូតូ ទ្រព្យយើង នៅតែទ្រព្យយើង…”។

បុរសជាម្ចាស់ម៉ូតូ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលលួចកាច់កម៉ូតូរបស់គាត់ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AH- 3225 បានសម្រេច នៅចំណុចភូមិក្តីចាស់ ទល់មុខបុរី ឌឹផ្លរ៉ា តាមបណ្តោយផ្លូវជាតិលេខ 6A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រួចក៏ជិះគេចខ្លួនដោយសុវត្ថិភាព។ បន្ទាប់ពីបាត់ម៉ូតូ ១គ្រឿងនោះ គាត់បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចផងដែរ ដោយមានទាំងវីដេអូឃ្លីប ថតចេញពីកាមេរ៉ាសុវត្ថិ ភាព បង្ហាញពីភិនភាគជនសង្ស័យ យ៉ាងច្បាស់ៗថែមទៀតផង។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងបានចេញវីដេអូ ប្រកាសតាមបណ្តាញសង្គមផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានដឹង និងជួយផ្តល់ព័ត៌មាន ក្នុងករណីប្រ ទះឃើញភិនភាគម៉ូតូដែលបានបាត់នោះ។
បុរសជាម្ចាស់ម៉ូតូ បានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ស្រាប់តែជនសង្ស័យខាងលើ បានឆាតមកលក់ម៉ូតូ ឱ្យគាត់ ១គ្រឿង ដោយម៉ូតូនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ និងបានដោះខោអាវចេញអស់ លុះគាត់គ្រាន់តែឃើញភិន ភាគម៉ូតូ ក៏ស្គាល់ភ្លាមថា ជាម៉ូតូរបស់គាត់។ ពេលនោះ ជនសង្ស័យបាននិយាយថា ចង់លក់ម៉ូតូ ១គ្រឿងនេះ ឱ្យគាត់ ក្នុងតម្លៃ ៣៥០ដុល្លារ ហើយគាត់ក៏បានណាត់ជួបគ្នា ដើម្បីមើលម៉ូតូ និងប្រគល់លុយឱ្យ ហើយជនសង្ស័យ ក៏បានប្រាប់ទីតាំងឱ្យគាត់ទៅជួប លុះទៅដល់ គាត់ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋាន ចុះឃាត់ខ្លួនជនសង្ស័យតែម្តង ព្រមទាំងដកហូតបានម៉ូតូ ត្រឡប់មកវិញផងដែរ។

បុរសជាម្ចាស់ម៉ូតូ ខាងលើ បានបញ្ជាក់បន្ថែមថា អ្វីដែលកាន់តែហួសចិត្តបំផុតនោះ គឺជនសង្ស័យ ជាចោរលួចម៉ូតូរបស់គាត់នេះ នៅថ្ងៃលួចម៉ូតូគាត់ ស្លៀកពាក់ខោខូវប៊យ អាវរងាដៃវែង ពណ៌ខ្មៅ មានអក្សរពណ៌ក្រហម «ASTROWORLD» និងស្បែកជើងពណ៌ក្រហម។ លុះដល់ថ្ងៃចាប់ខ្លួនបាន ជនសង្ស័យ ក៏ស្លៀកពាក់ឈុតដដែល ពោលគឺពាក់អាវដដែលៗ មិនដែលឃើញដោះ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕