Monday, July 28, 2025
Homeព័ត៌មានជាតិបង្ក្រាបមុខសញ្ញាគ្រឿងញៀន ប៉ះគ្រាប់បែក៣គ្រាប់

បង្ក្រាបមុខសញ្ញាគ្រឿងញៀន ប៉ះគ្រាប់បែក៣គ្រាប់

ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានចុះព័ទ្ធចាប់មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ព្រមទាំងដកហូតបាននូវឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ប៉ុន្តែអ្វី ដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺសមត្ថកិច្ចបានរកឃើញ គ្រាប់បែកដៃចំនួន៣គ្រាប់ថែមទៀត ដែលបានលាក់ទុកនៅក្នុងផ្ទះជនសង្ស័យ។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការមួយកន្លែង ស្ថិតក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន។

លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណារឿង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១-ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន និងទី២-ឈ្មោះថាន់ តូ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិ ស្តុកខ្លា ឃុំរំលេច ស្រុកបាកាន។

លោកនាយប៉ុស្តិ៍បន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរ កម្លាំងបានចាប់ប្រមូលនូវវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-6497 ចំនួន១គ្រឿង។ ដោយមានការសម្របសម្រួលពីថ្នាក់លើ និងតំណាងសាលាដំបូងខេត្តផងនោះ កម្លាំងបន្តធ្វើការឆែកឆេ រុករកឃើញគ្រាប់បែកដៃចំនួន៣គ្រាប់ថែមទៀត ហើយគ្រាប់ដៃទាំងចំនួន៣គ្រាប់នេះ ជាប្រភេទគ្រាប់ធុនក្រឡាផ្លែទៀបចំនួន១គ្រាប់ និង២គ្រាប់ទៀតជាប្រភេទផ្លែថ្ងាន់។

តាមការបញ្ជាក់ពីស្ត្រីជាម្តាយជនសង្ស័យឈ្មោះយឿន ពៅ បានប្រាប់សមត្តកិច្ចថា គ្រាប់បែកដៃទាំងនេះ ជារបស់ខ្មោចប្តីរបស់គាត់ អតីតមេភូមិព្រៃតោ ប៉ុន្តែក្រុមគ្រួសាររបស់គាត់គ្មាននរណាម្នាក់បានដឹងថា លាក់ទុកនៅកន្លែងណានោះឡើយ៕

RELATED ARTICLES