Monday, July 28, 2025
Homeព័ត៌មានជាតិមេម៉ាយកូន៤ ស្ម័គ្រខ្លួនធ្វើប្រពន្ធចុង តាលក់គ្រែ

មេម៉ាយកូន៤ ស្ម័គ្រខ្លួនធ្វើប្រពន្ធចុង តាលក់គ្រែ

ខេត្តតាកែវ ៖ ស្ត្រីម្នាក់នេះ ធ្លាប់ឆ្លងកាត់ប្តី៣នាក់មកហើយ ដោយប្តីទី១ រួមរស់បានកូន៤នាក់ ក៏បែកគំនិតខិលខូច មានស្រីញី ធ្វើបាបប្រពន្ធ ទើបឈានដល់ការលែងលះគ្នា លុះបានប្តីទី២ ប៉ះប្តីចាស់រួមរស់បាន១០ឆ្នាំ ក៏ឈឺស្លាប់ចោលបាត់ទៅ ចុងក្រោយក៏ត្រូវបុរសចំណាស់ ប្រកបរបរដើរលក់គ្រែ តាមសុំស្នេហ៍ ដោយកុហកថាជាពោះម៉ាយ លុះព្រមព្រៀងរួមរស់នឹងគ្នា ទើបដឹងថា ប្តីនេះ មានប្រពន្ធដើមមិនទាន់លែងលះនៅឡើយ យ៉ាងណា ជ្រុលក្បាលក្រពើទៅហើយ ក៏ស្ម័គ្រធ្វើប្រពន្ធចុងតាលក់គ្រែ ដើរតាមប្តីដើរលក់គ្រែ ដើម្បីចិញ្ចឹមជីវិតរហូតមក។

ស្ត្រីមេម៉ាយកូន៤ ដែលស្ម័គ្រខ្លួនធ្វើជាប្រពន្ធចុង បុរសចំណាស់ប្រកបរបរដើរលក់គ្រែនេះ មានឈ្មោះសាំង នី អាយុ៥៣ឆ្នាំ សព្វថ្ងៃ រស់នៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង។

អ្នកស្រីសាំង នី បានរៀបរាប់ទាំងក្តុកក្តួលថា គាត់ជាកូនកំព្រារស់នៅតែម្នាក់ឯងគត់ គ្មានសាច់ញាតិអ្វីនឹងគេទេ ចំណែកឪពុកម្តាយស្លាប់ចោលតាំងពីគាត់នៅតូចៗម៉្លេះ។ ក្រោយពីឪពុកម្តាយស្លាប់អស់ទៅ គាត់បានទៅរស់នៅជាមួយនឹងជីដូនចំណាស់ម្នាក់ឈ្មោះសង ធន ដោយរស់ក្នុងជីវភាពត្រដាបត្រដួស រកព្រឹកខ្វះល្ងាច លំបាកវេទនាខ្លាំងណាស់ យ៉ាងណាគាត់នៅតែខំប្រឹងតស៊ូរហូតបានរៀនចប់ថ្នាក់ឌីប្លូម។ ក្រោយពីឈានចូលវ័យក្រមុំ មានប្រុសកំលោះតាមចោមស្នេហ៍គាត់ច្រើនដែរ តែក្នុងបំណងលេងសើច ទើបគាត់មិនហ៊ានប្រថុយ រហូតដល់អាយុ២៦ឆ្នាំ ក៏មានបុរសម្នាក់ឈ្មោះគង់ ម៉េង ជាបុរសពោះម៉ាយមានកូន៣នាក់ បានចូលស្តីដណ្តឹងគាត់ត្រឹមត្រូវ ទើបគាត់យល់ព្រមស្ម័គ្រខ្លួនធ្វើជាប្រពន្ធបុរសពោះម៉ាយ កូន៣នោះទេ។

អ្នកស្រីសាំង នី បន្តថា ក្រោយពីរៀបការរួច គាត់ក៏ចេញទៅតាមប្តីរស់នៅឯខេត្តព្រះសីហនុឯណោះ និងបានរួមរស់បង្កើតកូនបាន៤នាក់ (ប្រុស២ ស្រី២)។ លុះក្រោយពីរួមរស់នឹងគ្នាបាន១០ឆ្នាំ ស្រាប់តែប្តីបែកគំនិតខិលខូច ចេះដើរលេងផឹកស៊ី លួចលាក់ទាក់ទងមានស្រីញីរាប់មិនអស់ និងចេះតែរករឿងវាយធ្វើបាបប្រពន្ធ រហូតគាត់ធ្លាក់ខ្លួនឈឺរីងរៃ ព្រោះប្តីធ្វើបាបទាំងផ្លូវចិត្តផ្លូវកាយ ទើបគាត់ទ្រាំរួមរស់នឹងប្តីកំហូចតទៅទៀតលែងបាន ក៏សម្រេចលែងលះ ចែកផ្លូវគ្នាដើរតែម្តង។

អ្នកស្រីសាំង នី បានឱ្យដឹងទៀតថា បន្ទាប់ពីលែងលះប្តីហើយ គាត់ក៏បានត្រឡប់មករស់នៅស្រុកកំណើតវិញ លុះរស់នៅស្រណុកកាយ សប្បាយចិត្តគ្មានប្តីវាយធ្វើបាប ធ្វើឱ្យគាត់ចាប់ផ្តើមបែកសាច់ឈាមស្រស់ថ្លាឡើងវិញ និងមានប្រុសៗជាច្រើនតាមចែចង់ដែរ តែគាត់គិតថា ឈប់ ចង់បានប្តីទៀតហើយ ព្រោះមានប្តីគ្រាំទ្រូងគ្មានលស់ថ្ងៃសោះ សុខចិត្តទ្រាំរស់នៅលំបាកវេទនាតែម្នាក់ឯង ប្រឹងទាំងត្រដររកស៊ីចិញ្ចឹមកូន៤នាក់ តែអកុសល កូនស្រី២នាក់របស់គាត់ បានធ្លាក់ខ្លួនឈឺស្លាប់អស់ នៅសល់តែកូនប្រុស២នាក់ប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏នាំកូនទាំង២ចេញទៅរកស៊ី នៅភ្នំពេញវិញម្តង ក្រែងបានធូរធានឹងគេ។

ស្ត្រីមេម៉ាយកូន៤រូបនេះ បានបន្ថែមថា នៅពេលទៅដល់ទីក្រុងភ្នំពេញ ក៏មានបុរសពោះម៉ាយវ័យចំណាស់ម្នាក់ ឈ្មោះជ វ៉ន អាយុ ៧៥ឆ្នាំ តាមស្រលាញ់គាត់យ៉ាងស្អិត ដែលកាលណោះ គាត់ទើបនឹងមានអាយុ៣៨ឆ្នាំប៉ុណ្ណោះ បើគិតពីអាយុគឺតា ជ វ៉ន មានអាយុស្មើនឹងឪពុករបស់គាត់ទេហើយ។ ដោយសារតែតាវ៉ន ចេះតែតាមចែចង់មិនលែង ទើបធ្វើឱ្យគាត់បាក់ចិត្តលង់ស្នេហ៍ ទទួលយកបុរសចំណាស់រូបនោះជាប្តីទៅ។ ពេលចាប់ដៃគ្នាដំបូង កូនៗរបស់ប្តីចំណាស់នេះ បានចែកលុយឱ្យឪពុក៣ពាន់ដុល្លារ គ្រាន់ធ្វើដើមទុនរកស៊ីជាមួយគាត់ជាប្រពន្ធក្មេង ហើយគាត់ក៏បាននាំប្តីមកទិញដីភូមិសម្រាប់រស់នៅដល់សព្វថ្ងៃ។ ក្រោយមក ប្តីចំណាស់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺ ធ្វើឱ្យគាត់ត្រូវមើលថែជំងឺប្តីរហូតដល់ជិត១០ឆ្នាំ ទើបកូនៗឃើញសភាពឪពុកកាន់តែធ្ងន់ ក៏មកនាំទៅស្រុកកំណើតវិញ រួចក៏ស្លាប់បាត់ទៅ៕

RELATED ARTICLES