Monday, July 28, 2025
Homeព័ត៌មានជាតិខ្សែភ្លើងឆក់ប្តីឆេះខ្លោចដៃជើង ប្រពន្ធមានលុយតែ៣ម៉ឺនរៀល

ខ្សែភ្លើងឆក់ប្តីឆេះខ្លោចដៃជើង ប្រពន្ធមានលុយតែ៣ម៉ឺនរៀល

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ កំពុងបំពេញការងារសុខៗ ក៏ស្រាប់តែជួបគ្រោះអកុសល ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យឆេះខ្លោចដៃ និងដងខ្លួន រួចធ្លាក់ពីលើជាន់ទី២ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងប្រឈមនឹងការកាត់ដៃចោល ចំណែកជីវភាពគ្រួសារទីទ័លក្រ ដោយស្ត្រីជាប្រពន្ធមានប្រាក់តែចំនួន៣ម៉ឺនរៀលប៉ុណ្ណោះនៅជាប់ខ្លួន ជាហេតុធ្វើឱ្យគ្មានលទ្ធភាពព្យាបាលប្តី ដាច់ចិត្តលើកដៃសំពះសុំការជួយសង្គ្រោះពីសប្បុរសជន។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ឆេះខ្លោចពេញរាងកាយ រងរបួសធ្ងន់ មានឈ្មោះរ៉ាត់ សារ័ត្ន មុខរបរជាកម្មករសំណង់ មានប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ និងមានកូន២នាក់ក្នុងបន្ទុក។

យោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានធ្វើការបង្ហោះរូបភាពបុរសម្នាក់ ត្រូវឆក់ខ្សែភ្លើង រួចធ្លាក់ពីលើអគារជាន់ទី២ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវភ្លើងឆេះស្ទើរពេញរាងកាយ ចំណែកដៃត្រូវឆេះខ្លោច ប្រឈមនឹងការកាត់ចោល។ ហើយអ្វីដែលកាន់តែសង្វេគបំផុតនោះ គឺក្រោយពីប្តីជួបគ្រោះថ្នាក់ បញ្ជូនមកមន្ទីរពេទ្យព្យាបាល ស្ត្រីជាប្រពន្ធ មានលុយតែ៣ម៉ឺនរៀលគត់ក្នុងខ្លួន។

តាមគណនីហ្វេសប៊ុក ធន ម៉េងហ៊ាង បានរៀបរាប់ទាំងខ្លោចចិត្តថា “សូមបងប្អូនជួយដល់គាត់ផង គួរឱ្យអាណិតណាស់ ដេកពេទ្យ មានលុយតែ៣០០០០រៀលគត់ក្នុងខ្លួន បងប្រុសបានឆក់ខ្សែភ្លើង រួចធ្លាក់ពីលើអគារជាន់ទី២ របួសយ៉ាងធ្ងន់ធ្ងរ ឆេះស្ទើរពេញរាងកាយ ដៃឆេះ ខ្លោចប្រឈមនឹងការកាត់ដៃ ឥឡូវនេះបងប្រុសកំពង់តែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជីវភាពគ្រួសារក្រីក្រ ពុំមានលទ្ធភាពព្យាបាល បងប្រុសឈ្មោះ រ៉ាត់ សារ័ត្ន ជាកម្មករសំណង់ ឯប្រពន្ធជាកម្មកររោងចក្រកាត់ដេរ មានកូន២នាក់ក្នុងបន្ទុក។ ប្អូននឹងខិតខំរកវិធីសាស្ត្រ ជួយបងឱ្យអស់ពីសមត្ថភាព! សម្រាប់ព័ត៌មានលម្អិត ០៩៨ ៩៩៣ ៩៦៩…”។

បន្ទាប់មកគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារមួយទៀតថា “ថ្ងៃនេះដែលខ្ញុំបាទ ធន ម៉េងហ៊ាង ព្រមទាំងលោកចាន់ សៀងសេង បាននាំយកអំណោយ ថវិការបស់បងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក និងបងប្អូននៅក្នុងបណ្តាញសង្គម Facebook ដែលបានចូលរួម ឧបត្ថមនូវថវិកា តាមរយៈខ្ញុំបាទ ដែលថវិកាចំនួន ៨២០ ០០០រៀល និងព្រមទាំងថវិកាដុល្លា ចំនួន៣១០ដុល្លារ សម្រាប់ជូនដល់ បងប្រុសដែល រងគ្រោះដោយឆក់ខ្សែភ្លើង សម្រាប់ផ្គត់ផ្គង់ថ្លៃការព្យាបាល សូមគោរពជូនបុណ្យ បងប្អូនសប្បុរសជន ជួបប្រទះតែនឹងសេក្តីសុខសេចក្តីចម្រើន រកទទួលទានមានបាន និង សុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ…”៕

RELATED ARTICLES