យោងតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ២០១៨ ឥណ្ឌូណេស៊ី បានប្រកាសគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣២ បន្ទាប់ពីដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអាស៊ីហ្គេម (Asian Games) ឆ្នាំ២០១៨ បញ្ចប់ដោយជោគជ័យ។
ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ក្រោយពីមានកិច្ចចរចាជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងលោក Sheikh Ahmad Al-Fahad Al-Sabah ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣២។
លោក Widodo បានលើកឡើងថា “ជាមួយនឹងបទពិសោធន៍របស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ី លើកទី១៨ បានយ៉ាងល្អនោះ ខ្ញុំជឿជាក់ថា ឥណ្ឌូណេស៊ី នឹងអាចរៀបចំព្រឹត្តិការណ៍ធំលំដាប់ទី ១ពិភពលោកនេះបាន”។
លោក Bach ប្រធាន IOC ក៏បានស្វាគមន៍ការប្រកាសនេះផងដែរ ហើយបានលើកសរសើរការរៀបចំកីឡាអាស៊ី ដែលធ្វើឡើងក្នុងប្រទេសឥណ្ឌូណេស៊ី ថា ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់៕