ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ទិញបានកីឡាករខ្សែការពារវ័យក្មេង Alphonso Davies ពីក្លឹបបាល់ទាត់អាមេរិក Vancouver Whitecaps ក្របខណ្ឌអាមេរិក Major League Soccer។
តាមប្រភពព័ត៌មានពីក្លឹប Whitecap បានឱ្យដឹងថា កីឡាករវ័យ17ឆ្នាំរូបនេះ មានតម្លៃខ្លួនជាង22លានដុល្លារ ដែលជាតម្លៃខ្លួនថ្លៃបំផុត នៅក្នុងក្របខណ្ឌកំពូលអាមេរិក MLS។
កីឡាករ Davies ដែលនឹងមានអាយុ18ឆ្នាំ នៅខែវិច្ឆិកាខាងមុខ បានយល់ព្រមចុះកុងត្រាជាមួយក្លឹប Bayern រហូតទៅដល់ឆ្នាំ2023។ កីឡាកររូបនេះ នឹងមកដល់ទឹកដីអាល្លឺម៉ង់ នៅខែមករា ខាងមុខ។
កីឡាករកូនកាត់២សាសន៍ កាណាដា-ហ្គាណា ធ្លាប់បានរកគ្រាប់បាល់3គ្រាប់ ក្នុងការបង្ហាញវត្តមាន 20ប្រកួត។
លោក Hansan Salihamidzic នាយកគ្រប់គ្រងក្លឹប Bayern បាននិយាយថា Davies គឺជាកីឡាករវ័យក្មេង តែមានទេពកោសល្យមិនចាញ់កីឡាករជើងចាស់ប៉ុន្មានឡើយ៕