យោងតាមប្រភពព័ត៌មានពី Channel News Asia ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្ន្នាំ២០១៨ បានឱ្យដឹងថា អ្នកទោស៣០នាក់ បានហែកគុករត់ចេញពីពន្ធនាគារមួយកន្លែង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានគេសង្ស័យថា កំពុងតែឆ្លងដែនទៅលាក់ខ្លួននៅក្នុងប្រទេសថៃ។
មូលហេតុដែលនាំឱ្យពួកគេមានឱកាសរត់គេចខ្លួន ដោយសារតែពួកគេបានច្រានទម្លាក់អ្នកបើកបររថយន្តដឹកសំរាម ហើយពួកគេបានឡើងបើករថយន្តនោះ បើកទម្លាយទ្វាររបងហើយរត់ចេញ។
យោងតាមលោកស្រី Khin Thet Mar មន្ត្រីនៅក្នុងតំបន់ បានឱ្យដឹងថា អ្នកទោសបានរួចរត់ចេញពីពន្ធនាគារ Hpa-An ស្ថិតនៅក្នុងរដ្ឋការ៉ែន ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នៅក្នុងប្រទេសថៃ។
លោកស្រីបានបន្តទៀតថា អ្នកទោស១០នាក់ ក្នុងចំណោមទាំង៤១នាក់ ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ ខណៈដែលអាជ្ញាធរកំពុងតែស្វែងរកអ្នកដែលរត់គេចខ្លួន។ អ្នកទោសទាំងអស់នោះ អាចនឹងរត់ឆ្លងដែនចូលមកក្នុងទឹកដីថៃ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកទោសទាំង៤១នាក់ មាន២៩នាក់ ត្រូវបានកាត់ទោសជាស្ថាពរ និង១២នាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងសវនាការកាត់ទោស៕